ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២ យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី 01/11/2022 វេលា 07:00ព្រឹកតទៅ និងការបង់ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង។ ដោយឡែកមានប្រភេទយានយន្តទាំង ៣ប្រភេទត្រូវបានបញ្ចុះតម្លៃមកត្រឹម ៨០% រហូតដល់ចុងខែ១០ឆ្នាំ២០២៣។
ចាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការគ្នាជាមួយនឹងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) បានសម្រេចចិត្តជាថ្នុងមួយ បើកតេស្តសាកល្បងនូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃ ១ខែ ចាប់ពីថ្ងៃទី១ដល់៣១ ខែតុលា ឆ្នាំ២០២២ ដោយឡែកពេលនេះផងដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២ តទៅផ្លូវល្បឿនលឿននឹងចាប់ផ្តើមគិតកម្រៃវិញហើយ អាស្រ័យលើចម្ងាយជាក់ស្តែងដែលបានជិះ។
យោងតាមប្រភពដដែល ក្រសួងបានឧទាហរណ៍ពីចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ“ មានប្រវែង ១៨៧.៥គ.ម ត្រូវបង់ ១២ដុល្លារ (បានចុះតម្លៃមកត្រឹម 80%រួច) ពោលគឺបានបញ្ចុះតម្លៃ២០% សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A” ដោយគិតតម្លៃ ០,០៦៤ដុល្លារក្នុង ១គ.ម ខាងក្រោម៖
- រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម
- រថយន្តផ្ទុកទំនិញ ក្រោម 2តោន
- ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើង មានបិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
ក្រសួងបានបញ្ជាក់ទៀតថា តារាងកម្រៃលម្អិតត្រូវគិតជាគីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី