ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ (បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ) ដែលនឹងសាងសង់ លើផ្លូវថ្មីសុទ្ធ ប្រវែង ១៣៨គ.ម ដោយចំណាយទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជាអ្នកទទួលបន្ទុកលើការសិក្សារ និងម៉ៅការសាងសង់ផ្លូវល្បឿនលឿននេះផ្តាច់មុខ។
យោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ថា “ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៨ គីឡូម៉ែត្រ លឿនបើកតែ១២០គម/ម៉ ចឹងពីល្វាឯម ទៅបាវិត ប្រហែល១ ម៉ោង១០នាទី ដូច្នេះចំណេញពេលវេលា ការដឹកជញ្ជូន…”។
ក្នុងឃ្លានេះដែរ ឯកឧត្តមចង់បានន័យថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគឺមានប្រវែង ១៣៨គីឡូម៉ែត្រ ដោយអនុញ្ញាតឲ្យរថយន្តអាចបើកក្នុងល្បឿនខ្ពស់បំផុត ១២០គ.ម/១ម៉ោង ដូច្នេះបើយើងធ្វើដំណើរពីស្រុកល្វាឯម ខេត្តកណ្តាល ឆ្ពោះទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានប្រវែង ១៣៨គ.ម យើងត្រូវការពេលតែ ១ម៉ោង១០នាទី តែប៉ុណ្ណោះ ដូច្នេះផ្លូវលឿនលឿននេះ ចំណេញទាំងពេលវេលា និងការដឹកជញ្ជូនលឿន ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងបាវិត នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឆាប់ៗនេះហើយ នៅពេលដែលសាងសង់រួចផ្លូវនេះ មាន ៤គន្លង ដោយទទឹងផ្លូវនីមួយៗមាន ប្រវែង ២៥,៥ ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ដែលគេរំពឹងថា នឹងរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕
អត្ថបទ៖ ព្រឹម ភក្តី