ក្រុមហ៊ុន Toyota កំពុង 'សិក្សាស្វែងយល់អំពីបច្ចេកវិទ្យារ៉ុក្កែត' និងគ្រោងសាងសង់រ៉ុក្កែតអវកាសជាមួយនឹងការវិនិយោគលុយ ៤៥ លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន startup របស់ជប៉ុន និងអាចផលិតរ៉ុក្កែតសម្រាប់បាញ់បង្ហោះទៅលំហអាកាសផងដែរ នេះបើតាមប្រធានក្រុមហ៊ុនបានប្រកាសជាសាធារណៈ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តមួយនេះ តាមរយៈក្រុមហ៊ុនចល័ត “Woven by Toyota” កំពុងវិនិយោគ ៧ ពាន់លានយ៉េន (៤៤,៤ លានដុល្លារអាមេរិក) ទៅក្នុងក្រុមហ៊ុន Interstellar Technologies Inc. ដែលជាក្រុមហ៊ុនអវកាសឯកជនរបស់ជប៉ុនដែលកំពុងអភិវឌ្ឍយានបាញ់បង្ហោះផ្កាយរណប។ លោក Toyoda ដែលជាអតីតនាយកប្រតិបត្តិ និងជាអ្នកស្នងមរតករបស់ក្រុមហ៊ុនផលិតរថយន្ត បាននិយាយថា យើងមិនគួរមាន "ក្រុមហ៊ុនរថយន្តតែមួយមុខនោះទេ" ដែលចង់សំដៅលើក្រុមហ៊ុន Tesla ដែលនាយកប្រតិបត្តិ Elon Musk បានដឹកនាំក្រុមហ៊ុន SpaceX ផងដែរដែលកំពុងធ្វើការលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើបបែបនេះ។
លោក Toyoda បានថ្លែងក្នុងសន្និសីទកាសែតមួយសម្រាប់ CES នៅ Las Vegas ថា "យើងក៏កំពុងស្វែងរករ៉ុក្កែតផងដែរ ពីព្រោះអនាគតនៃចល័តភាពមិនគួរត្រូវបានកំណត់ត្រឹមតែផែនដី ឬក្រុមហ៊ុនរថយន្តតែមួយនោះទេ" ។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Interstellar Technologies បានធ្វើការបាញ់បង្ហោះរ៉ុក្កែត MOMO ខ្នាតតូចចំនួន ៧ គ្រឿង ដែលបានទៅដល់លំហអាកាសជាលើកដំបូងក្នុងឆ្នាំ ២០១៩។ ក្រុមហ៊ុន startup នេះមិនទាន់បានដាក់ពង្រាយផ្កាយរណបណាមួយនៅក្នុងគន្លងនៅឡើយទេ ដោយមានគម្រោងអភិវឌ្ឍរ៉ុក្កែត ZERO និង DECA ដែលមានទំហំធំជាងមុនសម្រាប់ដឹកជញ្ជូនយានអវកាស។
ក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនរំពឹងថាយកបទពិសោធន៍របស់ខ្លួនក្នុងការផលិតរថយន្តទ្រង់ទ្រាយធំ សម្រាប់ការផលិតរ៉ុក្កែតជាមួយក្រុមហ៊ុន Interstellar Technologies។ នៅក្នុងទីផ្សារបាញ់បង្ហោះរបស់ជប៉ុន ក្រុមហ៊ុន Toyota កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន Mitsubishi ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ Mitsubishi Heavy Industries បានបង្កើត និងបាញ់បង្ហោះស៊េរីរ៉ុក្កែត H3 សម្រាប់ JAXA ដែលជាទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ។ រ៉ុក្កែត H3 របស់ក្រុមហ៊ុន Mitsubishi ដែលបានបង្ហាញខ្លួនយឺតពេលជាច្រើនឆ្នាំពីកាលវិភាគដែលបានគ្រោងទុក ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រកួតប្រជែងជាមួយរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលកំពុងគ្រប់គ្រងទីផ្សារបាញ់បង្ហោះសកលនាពេលបច្ចុប្បន្ន។
លើសពីនេះក្រុមហ៊ុន Toyota ក៏បានប្រកាសពីការបញ្ចប់ដំណាក់កាលដំបូងនៅទីក្រុង Woven ដែលរួមមានលំនៅដ្ឋានសម្រាប់ប្រជាជណអ្នករស់នៅ និងអ្នកច្នៃប្រឌិតដែលក្រុមហ៊ុនផលិតរថយន្តកំពុងអញ្ជើញឱ្យមកទីតាំងនេះ។ Woven by Toyota ត្រូវបានប្រកាសកាលពី ៥ ឆ្នាំមុនដោយលោក Toyoda នៅ CES ថាជា "ទីក្រុងគំរូនៃអនាគត" ដែលមានទីតាំងនៅលើដីទំហំ ១៧៥ ហិចតា នៅជើងភ្នំ Fuji ក្នុងប្រទេសជប៉ុន ដើម្បីសាកល្បង និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជារថយន្តស្វយ័តជាដើម។ បេសកកម្មរបស់ទីក្រុង Woven មិនមែនចាំបាច់ដើម្បីរកប្រាក់ចំណេញនោះទេ ប៉ុន្តែដើម្បីក្លាយជាទីលានសាកល្បង និងជាកន្លែងពិសោធន៍សម្រាប់បច្ចេកវិទ្យានាពេលអនាគត។