ពីប្រេងទៅអគ្គិសនី! អារ៉ាប៊ីសាអូឌីត ទើបបង្ហាញរថយន្តអគ្គិសនីដំបូងមួយនេះ ទៅកាន់ពិភពលោក
Khunna - ឃុនណា
SEPTEMBER 22 2026
នវានុវត្តន៍
7 views
2 mins read

នោថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុនរថយន្តអគ្គិសនី Ceer របស់អារ៉ាប៊ីសាអូឌីត បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាសាធារណៈ គឺ EXOBOT ដែលមាន ២ ប្រភេទ រួមមានរថយន្ត Sedan និង SUV។ ការបង្ហាញនេះត្រូវបានចាត់ទុកជាជំហានសំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតរថយន្តក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រេង។ Reuters បានរាយការណ៍នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ថា EXOBOT គ្រោងចាប់ផ្តើមលក់នៅទីផ្សារអារ៉ាប៊ីសាអូឌីតនៅដើមឆ្នាំ ២០២៧។   

Img 1664

EXOBOT ត្រូវបានរចនាឡើងជាមួយរូបរាងទំនើបបែបអនាគត ដោយមានទ្វារបើកឡើងលើ និងការរចនាដែលលុបបង្គោលកណ្តាលរវាងទ្វារមុខ និងទ្វារក្រោយ។ ក្រុមហ៊ុនរថយន្តអគ្គិសនី Ceer បញ្ជាក់ថា រថយន្តទាំងពីរត្រូវបាន រចនា និងវិស្វកម្មនៅអារ៉ាប៊ីសាអូឌីត ហើយនឹងផលិតនៅរោងចក្រ CEER Manufacturing Complex ក្នុង King Abdullah Economic City។ គម្រោងនេះជាផ្នែកមួយនៃការបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តក្នុងប្រទេស។

Img 1663

ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ជាក្រុមហ៊ុនរួមរវាង Public Investment Fund (PIF) របស់អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn។ ក្រៅពី EXOBOT ក្រុមហ៊ុនមានផែនការបញ្ចេញរថយន្តចំនួន ៥ ម៉ូដែលបន្ថែមទៀតត្រឹមឆ្នាំ ២០៣០ ដោយរួមមានម៉ូដែលដែលប្រើប្រព័ន្ធបើកបរផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ Ceer ក៏មានផែនការពង្រីកទីផ្សារទៅកាន់ប្រទេសជុំវិញតំបន់ចាប់ពីឆ្នាំ ២០២៨ និងបន្តទៅទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

Img 1662

តាមរយៈ PIF និង CEER ដែលបានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុនព្យាករថា នៅត្រឹមឆ្នាំ ២០៣៤ ក្រុមហ៊ុនរថយន្តអគ្គិសនី Ceer អាចរួមចំណែកជាង ៨ ពាន់លានដុល្លារ ដល់ GDP របស់អារ៉ាប៊ីសាអូឌីត និងជួយបង្កើតការងារផ្ទាល់ និងប្រយោលប្រមាណ ៣០,០០០ កន្លែង។ ការបង្កើត Ceer និងការចាប់ផ្តើមផលិតរថយន្តក្នុងស្រុកនេះ ស្ថិតនៅក្នុងយុទ្ធសាស្ត្រ Saudi Vision 2030 ដែលមានគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងវិស័យឧស្សាហកម្មក្រៅពីប្រេង។   

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia