បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែបើកដៃពេញទំហឹងឲ្យប្រជាពលរដ្ឋជ្រើសរើសនូវការជិះយានយន្តអគ្គិសនីជាជាងយានយន្តប្រើប្រេងឥន្ធន: ។ ក្នុងការជំរុញលើវិស័យយានយន្តអគ្គិសនីនេះផងដែរ រដ្ឋាភិបាលកម្ពុជាបានប្រគល់តួនាទីយ៉ាងសំខាន់នេះទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលការខុសត្រូវនិងចាត់ចែងគ្រប់កិច្ចការទាំងអស់ ដោយដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។
មានមនុស្សជាច្រើននៅមិនទាន់បានយល់ជ្រាបច្បាស់អំពីការប្រើប្រាស់នូវយានយន្តដែលដើរដោយអគ្គិសនីជាថាមពលជំរុញ ដោយឃើញបញ្ហាបែបនេះ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីឆ្លើយទាក់ទិននឹង គ្រឿងយន្តអគ្គិសនីមួយដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: លើកជាសំណួរដើម្បីចោទសួរក្នុងការផ្សាយផ្ទាល់កាលពីថ្ងៃ ២៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ។
ទន្ទឹមនឹងនេះផងដែរ មានសំណួរពីបងប្រុសម្នាក់ក៏បានសួរថា «តើគិតលុយសាកភ្លើងឬអត់? » ពេលនោះឯកឧត្តមក៏បានឆ្លើយថា ៖ ការសាកថាមពលអគ្គិសនីត្រូវបានគិតតម្លៃភ្លើង និងសេវាកម្ម ផ្សេងៗ ប៉ុន្តែបើធៀបទៅនឹងប្រេងឥន្ធនៈតម្លៃប្រើប្រាស់យានយន្តអគ្គិសនីថោកជាងការប្រើប្រាស់ប្រេង ឥន្ធនៈប្រមាណ៣ដង ។
បន្ថែមលើពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានពន្យល់កាន់តែច្បាស់អំពីតម្លៃសេវាកម្មសាកភ្លើង តាមបណ្ដាស្ថានីយ(EDC) នីមួយៗ ។ បើយើងត្រឡប់សំណួរមកវិញ សួរថា៖
តើ ១ គីឡូវ៉ាត់ម៉ោង(1kwh)គិតជាទឹកប្រាក់អស់តម្លៃប៉ុន្មានរៀល ?
បើតាមការគ្រោងទុកប្រហែលជា ១ គីឡូវ៉ាត់ម៉ោង(1kwh )គិតជាលុយអស់ ១៣០០រៀល ប៉ុន្តែនិយាយជារួមឲ្យកាន់តែស្រួលយល់នោះ យើងគិតជាចម្ងាយនៃការបើកបរលើផ្លូវជាមធ្យមវិញដោយ ១០០ គីឡូម៉ែត្រ ចំណាយតែ ៤ ដុល្លារតែប៉ុណ្ណោះ ចំពោះឡានអគ្គិសនី តែបើនិយាយដល់ឡានប្រើប្រេងឥន្ធន: គឺខុសគ្នា ៣ ដង ពោលគឺ ១០០ គីឡូម៉ែត្រ អាចចំណាយដល់ជា ១០ ដុល្លារ ឯណោះ ។
បញ្ជាក់ គ្រប់ស្ថានីយសាកថ្មសុទ្ធសឹងតែមានល្បឿនលឿន (EDV) ទាំងអស់ ពោលគឺគិតជាមធ្យមទំហំអាគុយឡានអគ្គិសនីដែលបាននាំចូលមកស្រុកខ្មែរនោះ ចន្លោះ១០% ទៅ ៨០% ចំណាយពេលមិនដល់ម៉ោងទេ តែបើរថយន្តរបស់បងប្អូនជិះរហូតដល់អស់ថ្មហើយទើបសាកភ្លើងនោះ គឺចំណាយពេលយូរបន្តិចខ្ទង់ ផឹកកាហ្វេតែ ១កែវ អីហ្នឹង ។
ដូច្នេះបងប្អូនអាចពិចារណាបានថាគួរតែប្រើឡានសាំងឬឡានអគ្គិសនី ព្រោះបច្ចុប្បន្នក្រសួងកំពុងតែរៀបចំពង្រាយនូវស្ថានីយសាកថ្មឡានអគ្គិសនីជាច្រើនគ្រប់ខេត្តក្រុង ។ ហើយមួយវិញទៀតនៅថ្ងៃខាងមុខទៅ ក្រសួងក៏បានបង្ហើបនៅឆ្នាំ ២០៣៥ នេះ បណ្ដាប្រទេសអភិវឌ្ឍន៍នឹងលែងផលិតឡានចាក់ប្រេងសាំង បន្ទាប់មកនៅឆ្នាំ២០៥០ រដ្ឋាភិបាលកម្ពុជានឹងមានវិធានការច្បាស់ៗ ឡានអគ្គិសនីនឹងមានអត្រា ៤០% និងម៉ូតូអគ្គិសនីមានអត្រាដល់ ៧០% ៕
ប្រភព៖ MPWT LIVE SHOW
អត្ថបទដោយ៖ ព្រឹម ភក្តី