នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅវិទ្យាល័យព្រះយុគន្ធរ មានរៀបចំ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង E- School Cambodia និងសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS) ស្តីពី “កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត” ក្រោមអធិបតីភាពរបស់លោកសម្យ កំសាន្ត នាយកសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ, លោក ឈន ឈុនឡេង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល E- School Cambodia, លោក ហួត ស៊ាងហៃ នាយករងសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ,គណៈគ្រប់គ្រងសាលាលា និងក្រុមការងារE- School Cambodia និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួនជាង២០០នាក់ ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង«ពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររវាងគ្រឹះស្ថានអប់រំទាំងពីរដើម្បីផ្សារភ្ជាប់មេរៀន និងការបង្រៀនតាមបែបទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែងតាមប្រព័ន្ធបច្ចេកវិទ្យា ICT Online ព្រមទាំងការអភិវឌ្ឍន៍ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនតាមរយៈ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា របស់សិស្សានុសិស្សនៃគ្រឺះស្ថានអប់រំទាំងពីរស្រប់តាមកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងវិធីសាស្ត្របង្រៀនបែបសកម្មដែលអនុលោមតាមកម្មវិធីសិក្សាសតវត្សរ៍ទី២១ ដែលមានស្តង់ដារគុណភាពអប់រំខ្ពស់ និងជាការចូលរួមលើកកម្ពស់វិស័យអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក ឈន ឈុនឡេង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល E- School Cambodia ចាត់ទុកកិច្ចសហប្រតិបត្តិការខាងលើនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំកម្ពុជាតាមរយៈការបណ្ដុះបណ្ដាល អប់រំ យុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនដ៏មានសក្តានុពលឲ្យក្លាយជាធនធានល្អរបស់កម្ពុជា។ លោកមានប្រសាសន៍ថា តាមរយៈអនុស្សរណៈខាងលើ E- School Cambodia នឹងពង្រីកការបណ្ដុះបណ្ដាល ការអប់រំរបស់ខ្លួនបន្ថែមទៀតជូនសិស្សានុសិស្សទៅលើចំណេះដឹងខាង បច្ចេកវិទ្យា និងកម្មវិធីរៀនបែបសាលាជំនាន់ថ្មីដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។
កន្លងមកនេះ E- School Cambodia បាននឹងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការជួយដល់សិស្សានុសិស្សសិក្សាបំប៉នបន្ថែមតាមរយៈអនឡាញ សិក្សាបន្ថែមនៅផ្ទះ ដែលជួយដល់សិស្សានុសិស្សផ្លាស់ប្តូរ ពីការប្រើស្មាតហ្វូនលេងហ្គេម មកសិក្សាបំប៉នបន្ថែមវិញ ហើយE- School Cambodia ជាមុំទី៣ ជួយដល់សិស្សានុសិស្សក្នុងការរៀនបន្ថែមពេលយប់ នេះបើតាមការបញ្ជាក់របស់ លោក លោក ឈន ឈុនឡេង។
នាយកសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS)លោក សម្យ កំសាន្ត បានគូសបញ្ជាក់ថាការចុះអនុរស្សរណៈយោគយល់គ្នានេះ គឺមានទិសដៅជួយគ្នាទៅវិញទៅមក រួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស។ លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញពីភាពចាំបាច់នៃវិស័យអប់រំក្នុងសម័យកាលបច្ចេកវិទ្យាមានការវិវត្តខ្លាំងទើបយើងចង់អភិវឌ្ឍន៍សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យស៊ីសុវត្ថិឲ្យមានភាពរីកចម្រើនខាងបច្ចេកវិទ្យា ដោយយើងមើលពីភាពលេចធ្លោរបស់ E-School Cambodia យើងក៏បានសហការគ្នាដើម្បីពង្រឹងវិសាលាភាពឲ្យកាន់តែខ្លាំង សម្រាប់ជាជំនួយក្នុងការរៀនសូត្របង្កើតសមត្ថភាពសិក្សារបស់សិស្សានុសិស្ស។