ក្រោយលេចចេញពាក្យចចាមអារ៉ាម និយាយថាក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk នឹងលែងផ្គត់ផ្គង់អ៊ីនធើណេត Starlink ឱ្យប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះក្នុងភ្នូកភ្លើងសង្គ្រាម ប្រើដោយឥតគិតថ្លៃទៀតហើយ ឥឡូវនេះលោក Elon Musk នៅមិនសុខ ព្រមទាំងបានចេញមុខបកស្រាយច្បាស់ៗអំពីរឿងនេះថាមិនមែនជាការពិតទេ។
លោក Elon Musk បានបកស្រាយនៅលើគណនី Twitter របស់លោកថា បើទោះបីជាអ៊ីនណេត Starlink បានបាត់បង់ចំណូលពីការដាក់ឱ្យប្រើនេះ ក៏ Starlink នៅតែបន្តដាក់ឱ្យប្រជាជនក្នុងប្រទេសអ៊ុយក្រែន អាចប្រើអ៊ីនធើណេតរបស់ខ្លួន ដោយឥតគិតថ្លៃក៏ដោយ។
គូសបញ្ជាក់ថា Starlink បានដាក់អ៊ីនធើណេតរបស់ខ្លួន ឱ្យប្រជាជនអ៊ុយក្រែនប្រើជាច្រើនខែមកហើយ ពោលគឺតាំងពីរុស្ស៊ីចូលវាយប្រហារលើអ៊ុយក្រែនតាំងពីដំបូងម៉្លេះ។ កាលនោះ Elon Musk បានដឹកជញ្ជូនចានស្រូបសេវារបស់ Starlink ទៅកាន់អ៊ុយក្រែនទាំងឡានៗ ក្រោយពីមានការអំពាវនាវសុំពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន៕
អត្ថបទដោយ៖ ផែន ផាន់ណា