Elon Musk ចេញមុខអំពាវនាវឱ្យដោះលែងមេ Telegram ហើយឆ្លៀតស៊កសៀតទៅ Mark Zuckerberg ទៀត
Sakada Techie
AUGUST 26 2024
អាជីវកម្ម 4.0
616 views
2 mins read

លោក Elon Musk បានចេញមុខការពារលោក Pavel Durov សហស្ថាបនិកនិងនាយកប្រតិបត្តិនៃកម្មវិធី Telegram បន្ទាប់ពីការចាប់ខ្លួនរបស់គាត់នៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ស្របពេលជាមួយគ្នាគាត់ក៏រិះគន់លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ Meta ចំពោះការចុះចាញ់ទៅនឹង "ការរឹតត្បិតលើបណ្ដាញសង្គម"។

 ក្នុងការបង្ហោះនៅលើបណ្តាញ X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter) លោក Musk បានប្រើ Hashtag "#FreePavel" ភ្លាមៗបន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Le Bourget។ ការចាប់ខ្លួនលោក Durov ត្រូវបានរាយការណ៍ថាទាក់ទងនឹងការចោទប្រកាន់ថាកម្មវិធីផ្ញើសារដែលសុវត្ថិភាពខ្ពស់ (Encryption) របស់គាត់ (Telegram) បានអនុញ្ញាតឱ្យសកម្មភាពឧក្រិដ្ឋកម្មរីកដុះដាល។

Freepavel Telegram Founders Arrest Slams 88286279

អាជ្ញាធរបារាំងបានចេញដីកាស្វែងរកលោក Durov ជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់ទាំងនេះ។ ដីកានេះអាចត្រូវបានអនុវត្តបានតែក្នុងករណីដែលលោក Durov ដែលជាអ្នកគាំទ្រយ៉ាងខ្លាំងដល់សេរីភាពក្នុងការបញ្ចេញមតិ ស្ថិតនៅលើទឹកដីបារាំងប៉ុណ្ណោះ។

លោក Musk ដែលបានចាត់ទុកការទិញយកបណ្តាញ X របស់លោកថាជាជំហានមួយក្នុងការលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ បានថ្កោលទោសចំពោះការចាប់ខ្លួនលោក Durov និងបានចែករំលែកវីដេអូខ្លីមួយដែលលោក Durov សរសើរដល់បណ្តាញ X ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការច្នៃប្រឌិតនិងសេរីភាពក្នុងការបញ្ចេញមតិ។ 

ក្នុងការបង្ហោះបន្តមួយទៀត លោក Musk បានរិះគន់លោក Zuckerberg ដោយឆ្លើយតបទៅនឹងការបង្ហោះមួយដែលសួរថាហេតុអ្វីបានជានាយកប្រតិបត្តិរបស់ Meta មិនប្រឈមនឹងផលវិបាកផ្លូវច្បាប់ស្រដៀងគ្នានឹងលោក Durov

លោក Musk បានសរសេរថា "ព្រោះគាត់បានចុះចាញ់ទៅនឹងការរឹតត្បិត (censorship pressure) រួចទៅហើយ។ Instagram មានបញ្ហាធំក្នុងការកេងប្រវ័ញ្ចលើកុមារ ប៉ុន្តែគ្មានការចាប់ខ្លួនសម្រាប់ Zuck ទេ ដោយសារតែគាត់រឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងផ្តល់ការចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់តាមផ្លូវក្រោយដល់រដ្ឋាភិបាល។" 

Meta ដែលជាម្ចាស់កម្មសិទ្ធិលើ Facebook, Instagram និង WhatsApp បានថ្លែងថាខ្លួនអនុវត្តតាមសំណើដែលមានការចងកាតព្វកិច្ចតាមផ្លូវច្បាប់ពីអាជ្ញាធរអនុវត្តច្បាប់សម្រាប់ទិន្នន័យ។ ក្រុមហ៊ុនក៏អះអាងផងដែរថាទាំង Messenger និង WhatsApp ត្រូវបានអ៊ីនគ្រីប មានន័យថាសូម្បីតែ Meta ក៏មិនអាចចូលប្រើប្រាស់ទិន្នន័យដែលត្រូវបានផ្លាស់ប្តូរនៅលើវេទិកាទាំងនេះដែរ។ 

លោក Pavel Durov អាយុ 39 ឆ្នាំ ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃគេហទំព័របណ្តាញសង្គម VKontakte (VK) និងកម្មវិធីផ្ញើសារ Telegram។ គាត់បានបង្កើត Telegram នៅឆ្នាំ 2013 ជាមួយនឹងបងប្រុសរបស់គាត់ឈ្មោះ Nikolai ប៉ុន្តែបានរត់ចេញពីរុស្ស៊ីនៅឆ្នាំ 2014 បន្ទាប់ពីបដិសេធមិនផ្តល់ទិន្នន័យអ្នកប្រើប្រាស់ដែលបានអ៊ីនគ្រីបទៅឱ្យអាជ្ញាធររុស្ស៊ី ឬបង្ក្រាបក្រុមប្រឆាំងនៅលើវេទិកានេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia