នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃ ElevenLabs ដែលជាស្តេចបច្ចេកវិទ្យាសំឡេង AI ពិភពលោក គឺកើតចេញពីស្នាដៃរបស់យុវជនជនជាតិប៉ូឡូញពីររូប គឺលោក Mati Staniszewski ដែលដើរតួជាក្បាលម៉ាស៊ីនពាណិជ្ជកម្ម (CEO) និងលោក Piotr Dąbkowski ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា (CTO)។ ពួកគាត់ទាំងពីរនាក់គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាតាំងពីកាលនៅរៀនវិទ្យាល័យ Copernicus ក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ មុនពេលចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលនាចក្រភពអង់គ្លេស។

គំនិតនៃការបង្កើត Startup នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាបានមកពីការឈឺចាប់ និងការធុញទ្រាន់កាលពីក្មេងរបស់ពួកគាត់ ក្នុងការទស្សនាខ្សែភាពយន្តហូលីវូដ ដែលត្រូវបានបញ្ចូលសំឡេងជាភាសាប៉ូឡូញ យ៉ាងរឹងកំព្រឹស ដោយប្រើមនុស្សតែម្នាក់គត់និយាយរៀបរាប់គ្រប់តួអង្គ និងគ្មានអារម្មណ៍ទាល់តែសោះ។ ក្រោយមក បន្ទាប់ពីលោក Piotr បានក្លាយជាវិស្វករផ្នែក Machine Learning នៅក្រុមហ៊ុន Google និងលោក Mati បានក្លាយជាអ្នករៀបចំយុទ្ធសាស្ត្រទិន្នន័យនៅក្រុមហ៊ុន Palantir ពួកគាត់ក៏បានសម្រេចចិត្តលាឈប់ពីការងារដែលមានប្រាក់ខែខ្ពស់ទាំងនោះ ដើម្បីរួមគ្នាកែប្រែពិភពលោកនៃបច្ចេកវិទ្យាសំឡេង។

នៅក្នុងឆ្នាំ ២០២២ ពួកគាត់បានចាប់ផ្តើមបោះជំហានដំបូងបង្អស់ចេញពីបន្ទប់ជួលតូចមួយ ដោយចំណាយត្រឹមតែ «លុយសន្សំផ្ទាល់ខ្លួន» ដើម្បីទិញឧបករណ៍កុំព្យូទ័រ និងជួលកម្លាំងម៉ាស៊ីន សម្រាប់ធ្វើការស្រាវជ្រាវ និងបង្កើតផលិតផលគំរូដំបូង។ ដំណាក់កាលដំបូងនេះ ពួកគាត់មិនទាន់មានលុយរាប់លានដុល្លារពីអ្នកវិនិយោគធំៗឡើយ ពោលគឺត្រូវរ៉ាប់រងការចំណាយ និងធ្វើការងារស្ទើរតែ ២៤ ម៉ោងលើ ២៤ ម៉ោងដោយខ្លួនឯង ដើម្បីបង្ហាញថាគំនិតបច្ចេកវិទ្យាសំឡេងរបស់ខ្លួនពិតជាអាចដំណើរការទៅរួច។
របត់ដ៏សំខាន់បានមកដល់នៅខែមករា ឆ្នាំ២០២៣ នៅពេលដែលផលិតផលគំរូរបស់ពួកគាត់ទទួលបានការចាប់អារម្មណ៍ពីមូលនិធិវិនិយោគ រហូតអាចកៀរគរទុនដំបូងបង្អស់ បានចំនួន ២ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Credo Ventures, Concept Ventures និងវិនិយោគិនទេវតាមួយចំនួនទៀត។ ទឹកប្រាក់ ២ លានដុល្លារដែលជាដើមទុនផ្លូវការដំបូងនេះ ត្រូវបានពួកគាត់យកទៅប្រើប្រាស់ភ្លាមៗក្នុងការជួលក្រុមការងារវិស្វករដំបូង និងការបើកដំណើរការកម្មវិធីជាសាធារណៈ ដែលធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់ពីសមត្ថភាពពិតនៃ ElevenLabs។
អ្វីដែលធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាស្រឡាំងកាំងបំផុតនោះគឺល្បឿននៃការរីកចម្រើ ពីព្រោះសំឡេង AI របស់ ElevenLabs មានលក្ខណៈធម្មជាតិ មានខ្យល់ដកដង្ហើម មានសំណើច និងអារម្មណ៍ដូចមនុស្សពិត ៩៩% រហូតទាក់ទាញចិត្តមូលនិធិយក្សរបស់អាមេរិកឈ្មោះ a16z ឱ្យបោះទុនចំនួន ១៩ លានដុល្លារក្នុងវគ្គ Series A នាពាក់កណ្តាលឆ្នាំ២០២៣។ ឈានចូលដល់ដើមឆ្នាំ ២០២៤ ក្រុមហ៊ុននេះបានកៀរគរទុនបន្ថែមបានរហូតដល់ ៨០ លានដុល្លារ ក្លាយជាក្រុមហ៊ុន Unicorn ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង។

ភាពជោគជ័យមិនបានឈប់ត្រឹមនោះទេ ដោយសារតែនៅក្នុងឆ្នាំ ២០២៦ នេះ ElevenLabs បានបន្តបំបែកកំណត់ត្រាថ្មីមួយទៀត តាមរយៈការទទួលបានទុនវិនិយោគបន្ថែមយ៉ាងសម្បើមចំនួន ៥០០ លានដុល្លារ ដែលដឹកនាំដោយមូលនិធិល្បីល្បាញ Sequoia Capital។ ការចាក់បញ្ចូលទុនដ៏ធំសម្បើមនេះ បានធ្វើឱ្យតម្លៃទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុនហក់ឡើងដល់ ១១ ប៊ីលីយោនដុល្លារ (១១,០០០ លានដុល្លារ) ក្លាយជាក្រុមហ៊ុន Decacorn និងទទួលបានការគាំទ្ររហូតដល់ថ្នាក់រដ្ឋាភិបាលប៉ូឡូញផ្ទាល់ ក៏បានសម្រេចចិត្តបោះទុនទិញភាគហ៊ុនក្រុមហ៊ុននេះ ដើម្បីទុកជាមោទនភាពជាតិថែមទៀតផង។
ជារួមមក ដំណើររឿងរបស់លោក Mati និងលោក Piotr គឺជាមេរៀនសហគ្រិនភាពដ៏មានតម្លៃ ដែលបង្ហាញថាការចាប់ផ្តើមអាជីវកម្មពីការដោះស្រាយបញ្ហាពិតជុំវិញខ្លួន គឺមានឥទ្ធិពលជាងការបង្កើតបច្ចេកវិទ្យាដោយគ្មានគោលដៅ។ ទោះបីជាបច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យកណ្តាលនៅទីក្រុងញូវយ៉ក និងឡុងដ៍ក៏ដោយ ប៉ុន្តែស្ថាបនិកទាំងពីរនៅតែមិនភ្លេចដើមកំណើត ដោយពាក្យថា "Eleven" នៅក្នុងឈ្មោះក្រុមហ៊ុន គឺតំណាងឱ្យថ្ងៃទី ១១ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រទេសប៉ូឡូញផ្ទាល់តែម្តង។
