ទំនើប! រោងចក្រផលិតឡានចិន Dongfeng Motors ផ្ដើមប្រើមនុស្សយន្តឱ្យធ្វើការហើយ
Sakada Techie
JUNE 10 2024
នវានុវត្តន៍
45 views
1 min read

ក្រុមហ៊ុនផលិតឡានយក្សរបស់ចិន Dongfeng Motors កំពុងតែចាប់ផ្ដើមប្រើប្រាស់ប្រភេទមនុស្សយន្ត មានដៃជើងដូចមនុស្សឬគេហៅថា Humanoid Robots នៅក្នុងរោងចក្ររបស់ខ្លួនហើយដោយសហការជាមួយនឹងក្រុមហ៊ុនរូបូតចិន Ubtech Robotics

រូបូតដែល Dongfeng Motors ប្រើប្រាស់នោះមានឈ្មោះថា Walker S ដោយគោលបំណងធំបំផុតនៃការប្រើប្រាស់ជាការបញ្ចៀសកម្លាំងមនុស្សពីការធ្វើការងារដដែលៗ នៅក្នុងរោងចក្រ ដោយការងារខ្លះមួយចំនួនអាចនឹងបង្ករគ្រោះថ្នាក់ឱ្យមនុស្សផងនោះ។

ការងារដំបូង ដែល Dongfeng Motors ប្រើមនុស្សយន្តនោះគឺ ឱ្យត្រួតពិនិត្យគុណភាពទៅលើខ្សែរក្រវ៉ាត់ និង គន្លឹះទ្វារ ក៏ដូចជាតម្លើងប៉ុងឡាន ហើយផ្ដោតសំខាន់ទៅលើប្រភេទយានយន្តអគ្គិសនីជំនាន់ចុងក្រោយរបស់ខ្លួន។

ក្រៅពី Dongfeng នៅប្រទេសចិនគេឃើញក្រុមហ៊ុនផ្សេងទៀត ដូចជាយីហោឡានអគ្គិសនី Nio ជាដើមក៏ចាប់ផ្ដើមតេស្ដសាកល្បងប្រើរូបូតប្រភេទ Walker S នេះតម្លើងឡានរបស់ខ្លួនដែរ តែមិនទាន់ឱ្យធ្វើជាបុគ្គលិកពេញសិទ្ធទេ ដោយនៅធ្វើជា Intern ឬយើងហៅថាបុគ្គលិកហាត់ការនៅឡើយទេ។

ការបញ្ចេញរូបភាពវីដេអូបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនចិននេះបីដូចជាការប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យាមនុស្សយន្តប្រភេទ Humanoid Robots នេះប្រជែងនឹងក្រុមហ៊ុន Tesla របស់ Elon Musk ដែលបានប្រកាសក្ដែងៗលឺៗមុនគេ លើរូបូតប្រភេទនេះ តែមិនទាន់អាចចេញលក់ជាផ្លូវការបាននៅឡើយនោះ។

យ៉ាងណា Elon Musk ធ្លាប់បញ្ចេញពីទស្សនៈរបស់គាត់ថាការប្រើប្រាស់ប្រភេទមនុស្សយន្តនេះ អាចនឹងផ្លាស់ប្ដូររបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia