ក្នុងយុគសម័យឌីជីថលដែលបច្ចេកវិទ្យាដើរទៅមុខយ៉ាងលឿន បញ្ហាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតតែងតែជាក្ដីកង្វល់ចម្បងរបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលត្រូវប្រើប្រាស់កម្មវិធីថ្មីៗនៅលើទូរសព្ទដៃ។ ជាមួយគ្នានេះអ្នកកំពុងចូលប្រើប្រាស់កម្មវិធី DG SuperApp ក៏មានមន្ទិលខ្លាចប៉ះពាល់ដល់សាច់ប្រាក់ និងទិន្នន័យឯកជនភាពក្នុងគណនីធនាគារខណ DG SuperApp តម្រូវឲ្យភ្ជាប់ App នេះទៅនឹងធនាគារក្នុងស្រុកដូចជា Wing, ACELEDA, និង ABA ជាដើម។ ជាការឆ្លើយតបទៅនឹងក្ដីបារម្ភនេះ DG Super App បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗ និងធានាថាកម្មវិធី DG SuperApp គឺមិនមានការភ្ជាប់ទៅកាន់គណនីធនាគាររបស់អ្នកឡើយ ហើយក៏មិនមានសិទ្ធិ ឬការពាក់ព័ន្ធណាមួយក្នុងការចាត់ចែងទឹកប្រាក់នៅក្នុងគណនីរបស់អ្នកនោះដែរ។

ដើម្បីលុបបំបាត់រាល់មន្ទិលសង្ស័យ និងបង្កើនទំនុកចិត្តបន្ថែមទៀត DG SuperApp បាននាំយកនូវបច្ចេកវិទ្យាសម្គាល់អត្តសញ្ញាណដ៏ទំនើបមួយ ដែលបណ្ដាប្រទេសអភិវឌ្ឍន៍នៅទ្វីបអឺរ៉ុបបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយនិងជាយូរមកហើយ នោះគឺប្រព័ន្ធដែលគេហៅថា "BankID"។ ការប្រើប្រាស់ប្រព័ន្ធ BankID នេះ មិនមែនមានន័យថាជាការទាញយកលុយពីធនាគារនោះទេ ប៉ុន្តែវាជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថលមួយដ៏ឆ្លាតវៃ ដើម្បីបញ្ជាក់ថាអ្នកប្រើប្រាស់ពិតជាម្ចាស់គណនីពិតប្រាកដមែន ដែលជួយទប់ស្កាត់ការក្លែងបន្លំ និងការលួចអត្តសញ្ញាណបានយ៉ាងមានប្រសិទ្ធភាព។

ការសម្រេចចិត្តទាញយកប្រព័ន្ធនេះមកដំណើរការនៅក្នុងកម្មវិធី គឺឈរលើគោលបំណងធំៗចំនួនបី ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដល់អតិថិជន។ ទីមួយ គឺ "ភាពងាយស្រួល" ដោយវាជួយសម្រួលដល់ដំណើរការនៃការចុះឈ្មោះ ឬចូលប្រើប្រាស់កម្មវិធីឱ្យកាន់តែមានភាពសាមញ្ញ មិនស្មុគស្មាញ និងមិនតម្រូវឱ្យបំពេញព័ត៌មានដដែលៗច្រើនដង។ ទីពីរ គឺ "សុវត្ថិភាពខ្ពស់" ដោយប្រព័ន្ធនេះមានយន្តការការពារទិន្នន័យតឹងរ៉ឹងបំផុត ធ្វើឱ្យអ្នកប្រើប្រាស់អាចជឿទុកចិត្តបានទាំងស្រុង។ ទីបី គឺ "ភាពរហ័សទាន់ចិត្ត" ដែលជួយសន្សំសំចៃពេលវេលា ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់មនុស្សសម័យថ្មីដែលត្រូវការភាពរហ័ស។
យើងដឹងហើយថា បច្ចេកវិទ្យា "BankID" នេះ គឺជារឿងថ្មីស្រឡាងមួយសម្រាប់ទីផ្សារ និងប្រជាជននៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ ដែលអាចធ្វើឱ្យអ្នកខ្លះមានការស្ទាក់ស្ទើរ ឬមិនទាន់យល់ច្បាស់អំពីដំណើរការរបស់វា។ ប៉ុន្តែ នេះគឺជាការវិវឌ្ឍ និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីវិល័យនិងមានស្តង់ដារ។ ដូច្នេះ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមស្វែងយល់ បើកចិត្តទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនេះដោយក្តីជឿជាក់ ដើម្បីរួមចំណែកជំរុញឱ្យការរស់នៅតាមបែបឌីជីថលរបស់យើងកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពទាំងអស់គ្នា។
អត្ថបទដោយ៖ ផែន ផាន់ណា
