ជាការកម្រណាស់ ដែលគេអាចដាំស្រូវនៅក្នុងទីអវកាស ខណៈដំណាំដ៏សំខាន់នេះ ត្រូវការថែទាំងតាមលក្ខណៈបច្ចេកទេសដូចជាទឹក ដី ជីថ្នាំ និងអាកាសធាតុសមស្របជាដើម។ គ្មានអ្វីដែលមនុស្សធ្វើមិនបានឡើយ ថ្មីៗនេះចិនទើបតែប្រកាសអំពីជោគជ័យថ្មីមួយ អំពីការដាំស្រូវនៅលើយានអវកាស។
ក្រុមអវកាសយាននិកមកពីស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិនបានចាប់ផ្ដើមដាំស្រូវនៅលើយានអវកាសតាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ នៅលើយានដ៏ធំ និងធ្ងន់បំផុតរបស់ចិន ខណៈយាននេះមានកម្ពស់ ១៧.៩ ម៉ែត្រ និងមានទម្ងន់ ២៣តោន។ នៅក្នុងយាននោះ មានបន្ទប់ពិសោធន៍ចំនួន៨ ដោយមួយ ក្នុងចំណោមនោះ គេប្រើសម្រាប់ពិសោធន៍លើការដាំដំណាំស្រូវនេះតែម្ដង។
បើតាមការបញ្ជាក់ថាលោក Zheng Huiqiong អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Excellence in Molecular Plant Sciences បានឱ្យដឹងថា ចាប់តាំងពីពេលដាំស្រូវនេះមក ឥឡូវកូនសំណាបចាប់ផ្ដើមលាស់ស្លឹកចេញមកខ្លះហើយ ដោយក្នុងនោះមានប្រវែងប្រហែក ៣០ សង់ទីម៉ែត្រ ដែលវាគឺជាប្រភេទពូជស្រូវតឿ។ លោកបានបន្ថែមថា វាមិនត្រឹមតែលូតលាស់ប៉ុណ្ណោះទេ ប៉ុន្តែវាមានសុខភាពល្អទៀតផង។
គូសបញ្ជាក់ថាការនាំយកស្រូវទៅលំហរនេះ មិនមែនទើបតែឥឡូវនេះទេ ពោលគឺប្រទេសចិន ចាប់តាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។ការប្រឹងប្រែងបែបនេះ ព្រោះអវកាសយានិកត្រូវចាកចេញពីផែនដីយូរខែ យូរឆ្នាំ តួយ៉ាងការទៅរុករកនៅលើភពអង្គារជាដើម។ អាស្រ័យហេតុនេះ ពួកគេត្រូវតែស្វែងរកដំណោះស្រាយដើម្បីមានអាហារហូបគ្រប់គ្រាន់ ដោយពុំអាចជញ្ជូនពីផែនដីគ្រប់ពេលរហូតនោះទេ៕
អត្ថបទដោយ៖ ផែន ផាន់ណា