គ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃលឿនពេក ម្ចាស់សិប្បកម្មជ័យសំបូរងាកមកកែច្នៃខ្លួនឯង ១៥០០តោន/ឆ្នាំ ទីផ្សារជប៉ុន កូរ៉េ ចិន ទទួលទិញដៃពីរ
ផែន ផាន់ណា
NOVEMBER 29 2023
អាជីវកម្ម 4.0
217 views
2 mins read

បញ្ហាតម្លៃទីផ្សារកសិផលឡើងចុះមិនទៀង បានញំញីបេះដូងរបស់កសិករអ្នកដាំស្វាយចន្ទី រហូតកសិករខ្លះឈឺចាប់ ស្ទើរតែបោះបង់របរមួយនេះចោល។ មិនខុសពីកសិករអ្នកដាំស្វាយចន្ទីផ្សេងទៀត អ្នកស្រី លី ហួត សម្ដែងសេចក្ដីឈឺចាប់របស់ខ្លួនក្នុងនាមជាកសិករដាំស្វាយចន្ទី អ្នកស្រីធ្លាប់ជួបបទពីបទពិសោធន៍គ្រាំគ្រាចិត្ដព្រោះឈ្មួញទម្លាក់តម្លៃតាមចិត្ដ ដោយកាលពីជាង ១០ឆ្នាំមុន គ្រាប់ស្វាយចន្ទីរបស់អ្នកស្រីត្រូវបានឈ្មួញទម្លាក់តម្លៃពីមួយគីឡូ ៣០០០រៀល មកនៅត្រឹម មួយគីឡូតម្លៃ ១៥០០រៀល ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

Photo 2023 11 30 05 42 39

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឪកាសដំណើរទស្សនកិច្ចសារព័ត៌មាននិងទស្សនកិច្ចសិក្សាអំពីច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា ដែលដឹកនាំដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អ្នកស្រី លី ហួត បានឲ្យដឹងថា អ្នកស្រីបានដឹងច្បាស់ពីគុណភាពរបស់គ្រាប់ស្វាយចន្ទីខ្មែរ បើលក់ស្រស់បានតម្លៃទាបរហូតកសិករមិនអាចទទួលបានផលចំណេញ នោះវាជារឿងគួរឲ្យឈឺចាប់ណាស់។ ដូច្នេះអ្នកស្រីក៏សម្រេចចិត្ដបបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរនេះឡើង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ សិប្បកម្មនេះក្នុងគោលបំណងកែច្នៃគ្រាប់ស្វាយចន្ទីដែលដាំក្នុងចម្ការផ្ទាល់ខ្លួន និងគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងសហគមន៍ ដើម្បីកសិករទទួលបានសមរម្យ និងបង្កើតឪកាសការងារក្នុងសហគមន៍ផងដែរ។

Photo 2023 11 29 19 38 50

ម្ចាស់សិប្បកម្មអ្នកខេត្ដកំពង់ធំរូបនេះ បានឲ្យដឹងទៀតថា រយះពេលបីឆ្នាំ​ កន្លងមកនេះ សិប្បកម្មជ័យសំបូរបានលក់ចេញនូវគ្រាប់ស្វាយចន្ទីកែច្នៃរួច ប្រមាណ ៧០តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន និងគ្រាប់ស្វាយចន្ទីប្រមាណ ៣០តោនទៀត គឺបានចរាចរលក់លើទីផ្សារក្នុងស្រុក។ ដោយឡែកសម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ សិប្បកម្មរបស់អ្នកស្រីគម្រោងពង្រីករោងចក្រ និងផលិតកម្មធ្វើយ៉ាងណាឲ្យ សិប្បកម្មជ័យសំបូរអាចកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន ១៥០០តោន ដើម្បីផ្គត់ផ្គង់ទៅកាន់ដៃគូនៅប្រទេសជប៉ុន និងទីផ្សារក្នុងស្រុកផងដែរ។

Photo 2023 11 29 19 38 51 (2)

ដើម្បីសម្រេចបាននូវទំហំផលិតប្រមាណ ១៥០០តោនក្នុងមួយឆ្នាំ អ្នកស្រី លី ហួត បានបញ្ជាក់ថា សិប្បកម្មរបស់អ្នកស្រីធ្វើយ៉ាងណា ត្រូវផលិតគ្រាប់ស្វាយចន្ទីឲ្យបាន ៣តោនក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត គោលដៅផលិតគ្រាប់ស្វាយចន្ទីក្នុងចំនួនដ៏ច្រើននេះ អាចសម្រេចទៅបានក៏អាស្រ័យលើចូលរួមរបស់ភាគកសិករដែលជាដៃគូដាំដុះដើម្បីផ្គត់ផ្គង់មកកាន់សិប្បកម្មដែរ។ ប៉ុន្ដែយ៉ាងក៏ដោយ អ្នកស្រី លី ហួត នៅតែមានជំនឿចិត្ដលើដៃគូកសិកររបស់អ្នកស្រី ព្រោះកន្លងមកគ្រាប់ស្វាយចន្ទីផលិតចេញពីសិប្បកម្មជ័យសំបូរ ត្រូវបានទទួលស្គាល់គុណភាព និងស្ដង់ដារ ពីប្រទេសជប៉ុន  ក៏ដោយសារការខិតខំប្រឹងប្រែងប្រតិបត្ដិតាមគោលការណ៍ឬលក្ខខណ្ឌដែលភាគីដៃគូបានកំណត់គិតតាំងពីការដាំដុះនិងរហូតកែច្នៃចេញជាផលិតផលសម្រេច។ មានតែការចូលរួមអនុវត្ដនន៍យ៉ាងសកម្មរបស់កសិករនិងសិប្បករទេ ទើបយើងអាចដើររកភាពរីកចម្រើនទាំងអស់គ្នាបាន។

Photo 2023 11 29 19 38 50 (2)

គួរបញ្ជាក់ផងដែរថា អ្នកស្រី លី ហួត គឺជាកសិករដាំស្វាយចន្ទីម្នាក់ក្នុងចំណោមកសិករដាំស្វាយចន្ទី និងជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ អ្នកស្រីមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រស្ត្រីក្នុងការចាប់ផ្ដើមអាជីវកម្ម និងបង្កើតការងារសម្រាប់ស្ត្រីធ្វើការ នៅក្នុងសហគមន៍។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ គឺជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលមានស្តង់ដារខ្ពស់ មួយ និងមានទីតាំងនៅខេត្តកំពង់ធំ។ សិប្បកម្មនេះបានកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ ដែលអនុលោម តាមប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រង (GHP/HACCP) និងស្តង់ដារកែច្នៃសរីរាង្គ ដែលត្រូវបានបញ្ជាក់ដោយ Ecocert (NOP, JAS Organic និង EOS)។ គួរកត់សម្គាល់ផងដែរថា សិប្បកម្មកែច្នៃនេះបានទទួលការគាំទ្របច្ចេកទេស ពីនាយកដ្ឋានកសិឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកិច្ចសន្យាកសិកម្ម ស្តង់ដារកែច្នៃ ប្រព័ន្ធ គ្រប់គ្រងគុណភាពចំណីអាហារ និងសុវត្ថិភាព និងស្តង់ដារសរីរាង្គ៕

Photo 2023 11 29 19 38 51

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia