ឆ្លៀតឱកាសថ្ងៃឈប់សម្រាកចំនួន ៣ថ្ងៃ គឺទី២៤ ២៥ និង២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌធំ ថ្ងៃនេះ Technology Cambodia នឹងនាំយករថយន្តចំនួន ៦ម៉ូដែល មានតម្លៃក្រោម ១០,000ដុល្លារទេ សម្រាប់ជាកាដូដល់បងប្អូនដែលមានបំណងចង់ទិញរថយន្តជិះទៅលេងស្រុកកំណើត។ ខាងក្រោមជារថយន្តមួយទឹកទាំង ៦ម៉ូដែល ៖
1.Toyota Camry 1997-2000
Toyota Camry ក្នុងចន្លោះឆ្នាំនេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន ២.២ លីត្រ មានប៊ីស្តុង៤ ប្រើជាប៊ុង ១ នៅខាងមុខ FWD មានប្រអប់លេខដៃ ៥ វគ្គ និងមានកម្លាំង ១៣៣ សេះ ។ ចំពោះកម្រិតស៊ីសាំងវិញ ប្រសិនជាម៉ាស៊ីនឡាននៅល្អស្អាត អាចស៊ីសាំងចន្លោះពី ៦.៨លីត្រ ទៅ ៧.២ លីត្រក្នុងចម្ងាយជាមធ្យម ១០០ គ.ម អាស្រ័យលើការបើកបរ នៅក្នុងក្រុង និងផ្លូវទូលាយ ។ រីឯ មានតម្លៃចាប់ពី ៦៤៥០ ដុល្លារ ទៅ ៨២០០ ដុល្លារ ។
2. Toyota RAV4 1998-2000
Toyota RAV4 នៅក្នុងចន្លោះ ឆ្នាំនេះ ដូចជាស៊េរី ឆ្នាំ១៩៩៨ មានតម្លៃចាប់ ៧០០០ ដុល្លារ ទៅ ៧៨០០ ដុល្លារ ហើយម្លៃប៉ុណ្ណេះ មានម៉ាស៊ីនចំណុះ ២.០លីត្រ ប្រើស៊ីឡាំង ៤ ប្រើប្រអប់លេខ ៤ វគ្គអូតូ ផ្នែកខាងក្នុងអាចផ្ទុបទម្ងន់បាន ៩៨២ លីត្រ ព្រមទាំងមានកម្លាំងម៉ាស៊ីន ១២៧ សេះ ។ រីឯចំណុចស៊ីសាំងវិញអាចក្នុងចម្ងាយ ១០០ គ.ម ចាយចន្លោះពី ៧ ទៅ ៩ លីត្រ ។
3. Toyota Prius 2004-2005
Toyota Prius ស៊េរីឆ្នាំ២០០៤-២០០៥ មានតម្លៃក្រោម ១ម៉ឺនដុល្លារ ហើយតម្លៃអាចខុសគ្នាបន្តិចបន្តួចទៅតាមទីផ្សារជាក់ស្តែង។ រថយន្តម៉ូដែលនេះនៅទីផ្សារកម្ពុជាគឺពេញនិយមណាស់ ដោយសាររថយន្តនេះប្រើម៉ាស៊ីន Hybrid និងមានកម្រិតស៊ីសាំងតិច សន្សំសំចៃខ្ពស់ ចំពោះការបើកបរក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងជាមធ្យម ៥លីត្រ ទៅ ៦លីត្រ ។ ចំណែកឯម៉ាស៊ីនមានចំណុះ ១.៤លីត្រ ៤ស៊ីឡាំង កម្លាំង ១៤០០សេសេ ឬ ៧៦សេះ ប្រើប្រអប់លេខអូតូ CTV ។
4 . Honda CR-V 1997-2000
Honda CR-V មានតម្លៃខ្ទង់ ៦០០០ដុល្លារទៅ ៨០០០ដុល្លារ ដែលអាស្រ័យលើទីផ្សារបច្ចុប្បន្ននិងតាមហ្ការ៉ាសលក់ឡាននីមួយៗ ។ ចំណែកឯចំពោះម៉ាស៊ីនឡានមានចំណុះ ២.០ លីត្រ ជាមួយនឹងស៊ីឡាំង ៤ អាចបង្កើតកម្លាំងបាន ១២៨សេះ និងប្រើជាប្រអប់លេខ ៤ វគ្គអូតូផងដែរ ។ រីឯកម្រិតស៊ីសាំងវិញចម្ងាយផ្លូវ ១០០ គ.ម សម្រាប់ផ្លូវទូលាយចំាំណយលើសាំង ៩.៩លីត្រ ។
5.Toyota Corolla 1998
Toyota Corolla ស៊េរីឆ្នាំ ១៩៩៨ ជាប្រភេទ sedan ដែលមានម៉ាស៊ីន ១.៨ លីត្រ ស៊ីឡាំង ៤ អាចបង្កើតកម្លាំងបាន ១២០ សេះ ដំណើរការនៃម៉ាស៊ីន គឺនៅប៊ុង១ នៅខាងមុខ ដោយមានប្រអប់លេខដៃ ៥វគ្គ ។ រីឯតម្លៃវិញខ្ទង់ ៦៨០០ ដុល្លារ ទៅ ៧២០០ ដុល្លារ ហើយតម្លៃនេះវា អាស្រ័យលើទីផ្សារឡានដែលនាំចូលមកកាន់ស្រុក ឬតាមការលក់តៗគ្នា ដែលគេមើលទៅ លើទឹកថ្នាំនៅស្អាត ។
6.Lexus RX300 1999-2000
ជាទូទៅ Lexus RX300 ស៊េរីឆ្នាំ១៩៩៩-២០០០ ភាគច្រើននៅក្នុងស្រុកខ្មែរគឺសម្បូរអ្នកទិញជិះណាស់ ជាហេតុធ្វើរថយន្តនេះងាយស្រួលលក់ចេញ និងមិនសូវខាតច្រើន ។ Lexus RX300 មានម៉ាស៊ីនចំណុះ ៣.០លីត្រ ៦ស៊ីឡាំងរាងជាអក្សរ V ប្រើប៊ុង២ AWD អាចផលិតកម្លាំងបានដល់ ២២០សេះ និង ៣០០ញ៉ូតុនម៉ែត្រ ។ រីឯកម្រិតស៊ីសាំងវិញជាមធ្យម ៩លីត្រទៅ១០លីត្រ ក្នុងចម្ងាយបើកបរ ១០០គ.ម ។
គួរបញ្ជាក់ផងដែរ សម្រាប់រថយន្តទាំង៦ ម៉ូដែលខាងលើសុទ្ធសឹងតែជាតម្លៃនៅស្រុកខ្មែរ ប៉ុន្តែមុននឹងសម្រចទិញរថយន្តមួយទឹកបងប្អូនគួរតែពិនិត្យឲ្យបានល្អិតល្អន់ ទៅលើសាច់ដែក តួក្រោម គ្រឿងម៉ាស៊ីន ប្រអប់លេខ ទឹកថ្នាំ និងឆែកមើលប្រវត្តិរូបរថយន្តឲ្យច្បាស់ ឬហៅអ្នកជំនាញផ្នែករថយន្តពឹងឲ្យជួយមើលបន្ថែមរឹតតែល្អ៕
ប្រភពមកពី៖ ឃ្លាំង7766 ទិញលក់រថយន្ត , khmer24
អត្ថបទដោយ៖ ព្រឹម ភក្តី