ការជួល ឬលក់គណនីធនាគារទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួល ឬផ្ទេរប្រាក់ គឺមានហានិភ័យខ្ពស់ណាស់ សម្រាប់ម្ចាស់គណនី ដែលអាចខាតបង់ទ្រព្យសម្បត្តិ និងប្រឈមចំពោះមុខច្បាប់ ទោះបីជាម្ចាស់គណនីមិនបានដឹងថាគណនីនោះត្រូវបានប្រើក្នុងសកម្មភាពខុសច្បាប់ក៏ដោយ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា មនុស្សមួយចំនួន អាចត្រូវបានជនខិលខូចលួងលោមឱ្យប្រគល់គណនី ដោយសន្យាផ្តល់ប្រាក់កម្រៃ ឬផលប្រយោជន៍ផ្សេងៗ។

ក្នុងករណីគណនីនោះ ប្រើប្រាស់ដើម្បីទទួល ឬផ្ទេរប្រាក់ដែលពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ ម្ចាស់គណនីអាចត្រូវបានកោះហៅឱ្យបកស្រាយអំពីប្រភពប្រាក់ និងប្រតិបត្តិការដែលបានកើតឡើងផងដែរ។ លើសពីនេះ ធនាគារអាចផ្អាក ឬបិទគណនីដែលមានប្រតិបត្តិការគួរឱ្យសង្ស័យ អាចមានបញ្ហាផ្លូវច្បាប់ ប្រសិនបើគណនីត្រូវបានប្រើប្រាស់ក្នុងបទល្មើស ពិសេសអាចប៉ះពាល់ដល់ឥណទាន ឬឈ្មោះរបស់អ្នកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទៀតផង។

ដើម្បីការពារខ្លួន លោកអ្នក កុំលក់ ជួល ឬអនុញ្ញាតឱ្យអ្នកដទៃប្រើគណនីធនាគាររបស់ខ្លួន ហើយមិនគួរទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ដោយមិនដឹងប្រភពច្បាស់លាស់នោះទេ។ ជាមួយគ្នានេះ ត្រូវរក្សាលេខសម្ងាត់ លេខកូដ OTP កាត ATM និងព័ត៌មានចូលប្រើ Mobile Banking ឱ្យមានសុវត្ថិភាព ដោយមិនផ្តល់ទៅអ្នកដទៃ។ ប្រសិនក្នុងករណី បានផ្តល់ព័ត៌មានរួច លោកអ្នកត្រូវទាក់ទងធនាគាររបស់អ្នកជាបន្ទាន់ ដើម្បីស្នើសុំពិនិត្យ ឬការពារគណនីធនាគារ។
ចង់សាកសួរព័ត៌មានបន្ថែម អាចទាក់ទងទៅ៖ 023 726 822

