ថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែបញ្ចេញនូវឡានអគ្គិសនី SUV ថ្មីរបស់ខ្លួន ដែលមានចង្កៀតតុបតែងផ្នែកខាងមុខ គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេសឡានអគ្គិសនីនេះ ចេះរាំចាក់ឌីជេ កាច់ចង្កេះបង្វិលខ្លួននៅមួយកន្លែងបាន ៣៦០ដឺក្រេ មួយជុំខ្លួន ឬចង់បង្វិលប៉ុន្មានជុំក៏បាន តាមតែចិត្តយើងចង់ ហើយនេះគ្រាន់តែមួយជ្រុងតូចនៃឡានSUV របស់ BYD មួយនេះតែប៉ុណ្ណោះ នៅមានចំណុចពិសេសៗជាច្រើនដូចជា ការជិះឡើងលើភ្នំខ្សាច់នៅអារ៉ាប់ មុជចូលទឹកជិះកាត់ឆ្លងទន្លេ និងការជ្រេលើផ្លូវមានព្រិលថែមទៀត ស្តាប់ទៅគិតថាពិសេសដែរអត់?
បើយោងតាមប្រភពពី CarNewsChina បានឲ្យដឹងថា BYD បានធ្វើការបើកសម្ពោធឡានអគ្គិសនីថ្មី គឺ BYD YangWang U8 កាលពីថ្ងៃទី០៥ ខែមករា កន្លងទៅថ្មីៗនេះ ។ ឡាននេះដែរត្រូវបានគេបំពាក់ម៉ូទ័រដល់ទៅ ៤គ្រឿងអាចផលិតកម្លាំងបានដល់ ១១០០សេះ ។
អ្វីដែលពិសេសនោះ ឡាននេះត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីមួយ ដែលមានតួនាទីក្នុងការគ្រប់គ្រងកង់ទាំង ៤ ធ្វើឡានអាចបង្វិលខ្លួនឯងបាន ៣៦០ដឺក្រេស្មើរនឹងមួយជុំ ដោយមិនចាំបាច់ពឹងផ្អែកលើការចង្កូតឡើយ ត្រង់កន្លែងនេះ គេចង់បានន័យថា ឡានអាចបង្វិលខ្លួនឯងបាន ដោយមានបច្ចេកវិទ្យា Yisifang មកជំនួយ ដោយមិនចាំបាច់មានអ្នកជំនាញខាង Drift ជ្រេឡានហ្នឹង មកកាច់ចង្កូតឡើយ ពោលគឺសូម្បីអ្នកដែលទើបរៀនបើកបរឡានដំបូងក៏អាចធ្វើបានដែល ជាមួយនឹងឡានអគ្គិសនីរបស់ BYD មួយនេះ ។ ហើយនេះជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយកម្រនឹងបានឃើញណាស់នៅលើអគ្គិសនីរបស់ចិន។
បន្ថែមពីលើនេះ បច្ចេកវិទ្យ Yisifang ត្រូវបានគេស្គាល់ថាជា e4 Platform ដែលបានបំពាក់មកលើឡាន YangWang U8 ជាលើដំបូង ។ បញ្ជាក់ ពាក្យថា Platform បើនិយាយជាភាសាខ្មែរឲ្យស្រួលយល់នោះ ហៅថា “តួឡាន” ។
បើយោងតាមសម្តីរបស់ប្រធានក្រុមហ៊ុន BYD ផ្ទាល់ លោក Wang Chuanfu បាននិយាយថា BYD YangWang U8 ក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា IP68 ជួយឲ្យម៉ូទ័រអគ្គិសនីមិនជ្រាបទឹក ព្រមទាំងជួយតភ្ជាប់តួឡានទាំងមូល អាចឲ្យឡាននឹងអណ្តែតលើទឹក បើកបរឆ្លងកាត់ទន្លេបានទៀត ដូចដែលគេបានបង្ហាញក្នុងវិដេអូខាងក្រោមនេះអ៊ីចឹង។
មិនតែប៉ុណ្ណោះ នៅក្នុងវិដេអូខាងក្រោមនេះ ក៏បានបង្ហាញនូវការបើកឡានអគ្គិសនីនេះ ឡើងលើភ្នំខ្សាច់យ៉ាងមានគ្រោះថ្នាក់ នៅប្រទេសអារ៉ាប់ និងការបើកបរលើផ្លូវព្រិលទឹកកក បត់បែនបានមួយសេរី។
ម្យ៉ាងវិញទៀត សម្រាប់កង់ទាំង៤ របស់ឡាននេះ គឺមានសមត្ថភាពខ្ពស់មែនទែន បើតាមការអះអាងពីខាងក្រុមហ៊ុនផ្ទាល់ គេបាននិយាយ ទោះបីជាសំបកកង់ឡានបែករាបស្មើរជាមួយផ្លូវកៅស៊ូក៏ដោយ ឡាននេះអាចឲ្យយើងបើកបរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុង១ម៉ោងបានទៀត តែវាអាស្រ័យលើសមត្ថភាពរបស់ឡានក្នុងលៃលកតម្រូវកម្លាំងបង្វិល ១០០០ដងក្នុងមួយវិនាទី។ ហើយល្បឿនឡានបែកកង់ របស់ឡាន BYD នេះ អាចបើកលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុបានហើយ 😄។
យ៉ាងណាមិញសម្រាប់ចង្កៀងមុខរាងជាអក្សរ L-shaped មិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ ពោលគឺគេបានបំពាក់បច្ចេកវិទ្យា Adaptive LED Headlights ដែលអាចបញ្ចេញពន្លឺដោយស្វ័យប្រវត្តិ បត់បែងតាមស្ថានភាពផ្លូវ។ លើសពីនេះ ទៅលើបាណាខាងមុខ ត្រូវបានឌីហ្សាញបែប “ម៉ាទ្រីស” និងចង្កៀងខាងក្រោយក៏មានរាងស្រដៀងផ្នែកខាងដែរ ប៉ុន្តែគេបានបំពាក់កង់សាគួរមួយទៀតផងដែរ។
គួរជំរាបផងដែរថា ឡានអគ្គិសនី BYD YangWang U8 ត្រូវបានគេប៉ាន់តម្លៃគឺចាប់ពីខ្ទង់ ១១០២៨០ ទៅ ២០៦៨០០ដុល្លារ អាស្រ័យ option និងកញ្ចប់ Packag។ អ៊ីចឹងប្រសិនអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត រងចាំទស្សនាវិដេអូរបស់ Admin ទាំងអស់ នឹងចេញឆាប់ៗនេះ😉។
អត្ថបទដោយ៖ ព្រឹម ភក្តី