ឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា! នេះជាអត្ថប្រយោជន៍ធំៗ ដែលយោធិនទាំង២ភេទ ទទួលបាន
SOKLY - កូនផ្កាឈូក
JULY 15 2025
ឌីជីថល
19.6 K views
1 min read

ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការបញ្ជាក់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីអបអរខួបលើកទី៣២ទិវាកងរាជអាវុធហត្ថ។

យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាការបំពេញកាតព្វកិច្ចយោធា មានអត្ថប្រយោជន៍ដូចខាងក្រោម៖

ទី១៖ ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវទទួលប្រាក់បំណាច់ និងការឧបត្ថម្ភផ្សេងៗ សម្រាប់ជីវភាពប្រចាំថ្ងៃតាមការកំណត់របស់ក្រសួងការពារជាតិ។

ទី២៖ យោធិនទាំងពីរភេទ ដែលបានបង្កើតស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានជូនរង្វាន់ និងលើកសើរសើរដូចយោធិនអាជីព ហើយក្នុងករណីមានជំងឺ របួស ឬគ្រោះថ្នាក់ផ្សេងៗត្រូវទទួលការសង្គ្រោះ ព្យាបាល និងការសរសើរលើកទឹកចិត្តពីក្រសួងការពារជាតិ។
លើសពីនេះ បើក្នុងករណីពលី មរណៈ ឬ ពិការ ដោយសារបុព្វហេតុប្រទេសជាតិ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា ក្រសួងការពារជាតិត្រូវផ្ដល់ការឧបត្ថម្ភជារបបតាមគោលការណ៍ដូចយោធិនអាជីពដែរ។

ទី៣៖ យោធិនទាំងពីរភេទ ដែលបានបញ្ចប់កាតព្វកិច្ចយោធា ៖

-មានសិទ្ធិបន្តការសិក្សាតាមគ្រឹះស្ថានសិក្សាដើមរបស់ខ្លួនវិញ

-មានអាទិភាពទទួលបានការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ

-មានអាទិភាពក្នុងការប្រលងប្រជែង ឬ ជ្រើសរើសចូលបម្រើស្ថាប័នរដ្ឋ អង្គការ សហគ្រាស សាធារណៈ ឬក្រុមហ៊ុនឯកជននានា។

គួរជម្រាបផងដែរថា ស្ថាប័នរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជននានា ត្រូវទទួលឱ្យប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធានោះ ចូលបម្រើការងារវិញក្នុងក្របខ័ណ្ឌដើម ដោយរក្សាឋានៈដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា ហើយផ្ដល់អាទិភាពក្នុងការពិចារណាតម្លើងឋានៈ ឬ ឋានន្តរសក្តិ។ រយៈពេលបំពេញកាតព្វកិច្ចយោធា ត្រូវបានរាប់បញ្ចូលក្នុងអតីតភាពសម្រាប់ការចូលនិវត្តន៍របស់សាមីជនផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia