ការអានសៀវភៅពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជីវិតប្រចាំថ្ងៃ និងអនាគតរបស់អ្នក។ វាប្រៀបដូចជាការវិនិយោគលើខ្លួនឯង ដែលផ្ដល់ផលចំណេញត្រឡប់មកវិញដោយមិនចេះរីងស្ងួត។ ការអានធើ្វឲ្យអ្នកមានអារម្មណ៍ល្អ អប់រំចិត្តគំនិតអ្នក និងអភិវឌ្ឍន៍ខ្លួនផងដែរ។
ដូច្នេះមកចូលរួមអានពីការលើកឡើងរបស់អ្នកនិពន្ធឯករាជ្យខ្មែរមួយរូបដែលមានជំនាញផ្នែកសរសេរ និងនិពន្ធ។
លោក លី តារា ជាអ្នកនិព្ធខ្មែរដែលសរសេរសៀវភៅជាភាសាអង់គ្លេស សម្រាប់កូនខ្មែរជំនាន់ក្រោយយកមកអាន ព្រមទាំងរៀន និងអនុវត្តភាសាអង់គ្លេសដោយខ្លួនឯង។
សៀវភៅដែលលោកបានសរសេរ និងបោះពុម្ព មានចំនួន ១៩ ក្បាលតាំងពីឆ្នាំ ២០១៦ ដែលចែកជា ៤ ប្រភេទ រួមមាន៖
១. សៀវភៅសម្រាប់អប់រំ (Educational Books)
២. សៀវភៅសម្រាប់អភិវឌ្ឍខ្លួន (Self-Development Books)
៣. សៀវភៅកំសាន្ត (Entertaining Books)
៤. សៀវភៅលើកកម្ពស់ស្រ្តី (Woman-Empowerment Books)
លោក លី តារា បានលើកឡើងថា វិស័យអំណានជាវិស័យដែលនៅតែបន្តជានិច្ច ព្រោះអ្នកសិក្សាគ្រប់រូបត្រូវតែអាន និងស្រាវជ្រាវ ទោះស្ថិតក្នុងការវិវត្តបែបណាក្នុងពិភពលោក បើទោះបីជាសម័យបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណាក៏ដោយ ក៏សៀវភៅនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកអានជុំវិញពិភពលោក។
លោកក៏បានប្រាប់ពីគោលបំណងផ្ទាល់របស់លោក គឺចង់ធ្វើឲ្យយុវជនកម្ពុជា អានសៀវភៅ ១ ក្បាលក្នុង ១ សប្តាហ៍។ នេះជាកត្តាដែលលោកបន្តសរសេរ និងបោះពុម្ពសៀវភៅ ដោយមិនគិតពីបញ្ហាប្រឈមក្នុងវិស័យមួយនេះ។
គូសបញ្ជាក់ផងដែរ លោក លី តារា ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកអាននៅកម្ពុជាទៅលើស្នាដៃល្អៗជាច្រើនក្នុងការនិពន្ធសៀវភៅ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់អានបែបចំណេះដឹង, កម្សាន្តអារម្មណ៍, បែបអភិវឌ្ឍខ្លួន និងចិត្តគំនិត, បែបបរទេសជាដើម អ្នកទាំងអស់គ្នាអាចចូលទិញតាមរយៈ Page របស់អ្នកនិពន្ធលោក លី តារា (Dara Ly) បាន។ DARA LY Books
អត្ថបទដោយ៖ ងួន ឃុនណា