កាន់តែក្តៅ! Apple ប្តឹង OpenAI ពីបទលួចចម្លងបច្ចេកវិទ្យាគ្រឿងបន្លាស់ដើម្បីបង្កើតឧបករណ៍ AI ប្រកួតប្រជែង
Khunna - ឃុនណា
JULY 12 2026
ឌីជីថល
16 views
2 mins read

ក្រុមហ៊ុន Apple បានដាក់ពាក្យប្តឹងក្រុមហ៊ុន OpenAI ផ្លូវការនៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ពីបទលួចបច្ចេកវិទ្យាសម្ងាត់ពាណិជ្ជកម្មផ្នែកគ្រឿងបន្លាស់ (Hardware) ក្នុងបំណងយកទៅបង្កើតឧបករណ៍វៃឆ្លាត AI ប្រកួតប្រជែងជាមួយទូរស័ព្ទ iPhone។ ការប្តឹងផ្តល់នេះបានធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះក្រុមហ៊ុនទាំងពីរទើបតែបានចាប់ដៃគូសហការគ្នាយ៉ាងស្អិតរមួត ក្នុងការដាក់បញ្ចូលប្រព័ន្ធ ChatGPT ទៅក្នុងទូរស័ព្ទ iPhone កាលពីពេលថ្មីៗនេះ។

Tim Cook Sam Altman Getty Images 2233062347

យោងតាមពាក្យបណ្តឹង Apple បានអះអាងថា OpenAI បានប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ តាមរយៈការទាក់ទាញអតីតបុគ្គលិកជាន់ខ្ពស់ និងវិស្វកររបស់ Apple ឱ្យទៅបម្រើការងារនៅទីនោះ។ ក្នុងនោះ លោក Tang Yew Tan អតីតអនុប្រធានផ្នែករចនាផលិតផល iPhone ដែលបច្ចុប្បន្នជាប្រធានផ្នែក Hardware របស់ OpenAI ត្រូវបានចោទប្រកាន់ថា បានបង្គាប់ឱ្យបុគ្គលិក Apple ដែលមកសម្ភាសន៍ការងារ នាំយកគ្រឿងបន្លាស់ពិតប្រាកដ និងគំនូរប្លង់សម្ងាត់មកបង្ហាញក្នុងវគ្គសម្ភាសន៍ ដើម្បីលួចចម្លងបច្ចេកវិទ្យា។

ជាងនេះទៅទៀត Apple ក៏បានរកឃើញភស្តុតាងដែលបង្ហាញថា អតីតវិស្វករអគ្គិសនីម្នាក់ទៀត បានប្រើប្រាស់ចន្លោះប្រហោងប្រព័ន្ធ ដើម្បីលួចចូលទៅទាញយកទិន្នន័យសម្ងាត់ៗជាច្រើនពីប្រព័ន្ធ Cloud របស់ Apple បន្ទាប់ពីលោកបានលាឈប់ពីការងារ។ ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីការពារស្នាដៃ និងការបង្កើតថ្មីរបស់ក្រុមការងារខ្លួន ហើយទាមទារឱ្យមានការស៊ើបអង្កេត និងផ្តល់សំណងចំពោះការខូចខាតទាំងនេះ។

Eastleighvoice Co Ke 2026 May 15 110431

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI បានចេញមុខបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថា ក្រុមហ៊ុនខ្លួនមិនមានចំណាប់អារម្មណ៍លើការសម្ងាត់ពាណិជ្ជកម្មរបស់ក្រុមហ៊ុនដទៃឡើយ ហើយកំពុងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន។ រឿងក្តីដ៏ក្តៅគគុកនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃតុលាការ ហើយវាអាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអាជីវកម្ម ក៏ដូចជាមុខងារ AI ផ្សេងៗនៅលើឧបករណ៍របស់ Apple នាពេលអនាគត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia