កុំព្យូទ័រគំរូដំបូងបំផុតរបស់លោក Steve Jobs ដែលបានបង្កើតឡើងតាំងពីជាង40ឆ្នាំមុននិងត្រូវបានរចនាផ្ទាល់ដៃដោយលោក Steve Wozniak ដែលជាដៃគូររបស់ Steve Jobs ផ្ទាល់ ដោយដាក់ឈ្មោះថា Apple Computer A ។ ក្នុងនោះផងដែរបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយកំពុងតែដាក់លក់ដេញថ្លៃទៅលើកុំព្យូទ័រមួយនេះដែលមានតម្លៃជាងកន្លះលានដុល្លារឯណោះ។
ដោយយោងទៅតាមការចុះផ្សាយរបស់ MacRumors បានបង្ហាញថា ក្នុងកំឡុងឆ្នាំ 1976 លោក Steve Jobs បានយក Apple Computer A ឬហៅម្យ៉ាងទៀតថា Apple-1 ដែលជាកុំព្យូទ័រគំរូនេះទៅបង្ហាញដល់លោក Pual Terrell ដែលជាម្ចាស់ហាងមួយឈ្មោះថា The Byte Shop ហើយជាលិទ្ធផលគឺមានការកម្មង់ទិញក្នុងចំនួនដ៏ច្រើន លើសពីនេះទៅទៀតលោក Pual Terrell ក្នុងពេលនោះក៏បានស្នើឱ្យមានការផលិតកុំព្យូទ័រពេញលេញដែលអាចដាក់លក់ក្នុងតម្លៃ 666.66ដុល្លារផងដែរ។
យ៉ាងណាមិញចំពោះ Board កុំព្យូទ័រគំរូមួយនេះមុននឹងឈានដល់ដៃម្ចាស់ថ្មីដែលកាន់កាប់មកទល់ពេលបច្ចុប្បន្នគឺដំបូងឡើយត្រូវបានគេរក្សាវានៅក្នុង Apple Garage អស់រយៈពេលជាច្រើនឆ្នាំ ហើយមកដល់ពេលឥឡូវក៏មានផ្នែកខ្លះបានខូចខាតក៏ដូចជាបាក់បែកខុសពីទម្រង់ដើមផងដែរ។
គូសបញ្ជាក់ផងដែរថាបើទោះបីជា Board មួយនេះមានការបែកបាក់នូវផ្នែកខ្លះក៏ពិតមែន តែវាជារបស់កម្រ ហើយគេរំពឹងថានឹងអាចដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ 500,000ដុល្លារឯណោះ។
អត្ថបទដោយ៖ រិន មករា