2023 កុំឲ្យខ្មោចលងចុងខែ! មកស្គាល់ App ខ្មែរ៣នេះ អាចកត់ចំណូលចំណាយ មិនឲ្យបាត់១កាក់១សេនទេ
ផែន ផាន់ណា
JANUARY 4 2023
គន្លឹះល្អៗ
1.2 K views
2 mins read

មនុស្សម្នាក់ៗពិតជាត្រូវការលុយដើម្បីចាយវាយប្រចាំថ្ងៃ ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលពុំសូវបានខ្វល់ខ្វាយពីលុយ ពោលគឺចុងខែម្ដងៗ ដឹងតែដាច់លុយ ឬនិយាយលេងថា ខ្មោចលងចុងខែ។ ប្រសិនបើអ្នកមិនចង់ឱ្យលុយដែលរកបានមកដោយលំបាក ត្រូវអស់ទៅវិញដោយមិនដឹងខ្លួន អ្នកជំនាញហរិញ្ញវត្ថុជាច្រើនបានណែនាំថា យើងត្រូវតែចេះកត់ត្រានូវរាល់ចំណូល ចំណាយ ប្រចាំថ្ងៃរបស់យើងជានិច្ច ដើម្បីដឹងថាតើយើងបានចាយទៅលើអ្វីខ្លះ អស់ប៉ុន្មានក្នុងមួយខែៗ និងចាំបាច់ដែរឬអត់។

នៅពេលនិយាយដល់រឿងកត់ត្រាការចំណាយចាយវាយចូលទៅក្នុងកូនសៀវភៅ គឺកាន់តែធ្វើឱ្យមនុស្សជាច្រើនធុញទ្រាន់ ព្រោះខ្ជិលយកតាមខ្លួន ឬមិនមានទម្លាប់កត់គ្រប់ពេលជាដើម។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ទើបអ្នកជំនាញបច្ចេកវិទ្យា បានបង្កើត App ជាច្រើនឡើងមក ដើម្បីងាយស្រួលឱ្យលោកអ្នកអាចកក់ត្រាចំណូលចំណាយជាលក្ខណៈឌីជីថលបានយ៉ាងងាយស្រួល។

ថ្ងៃនេះដែរ Technology Cambodia សូមណែនាំ App ល្អៗចំនួន៣ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរយើងផ្ទាល់ ដើម្បីឱ្យលោកអ្នកអាចបញ្ចូលនូវទិន្នន័យ ឬចំនួនទឹកប្រាក់ដែលបានចំណាយផ្សេងៗ ចូលទៅក្នុង App នោះបានគ្រប់ពេល គ្រប់ទីកន្លែង។

១. App Jamnay : នេះគឺជា App របស់ខ្មែរដែលបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅ ម្ចាស់អាជីវកម្ម ឬអ្នកធ្វើការងារផ្សេងៗ អាចសរសេរនូវរាល់ចំណូលចំណាយ សន្សំ និងការកត់ចំណាំផ្សេងៗ នៅក្នុង App នេះបាន។ លោកអ្នកនឹងងាយស្រួលដឹងថា តើថ្ងៃនេះបានចំណាយទៅលើអ្វីខ្លះ អស់លុយប៉ុន្មាន រកចំណូលបានប៉ុន្មាន។ អ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចមើលរបាយការណ៍ប្រចាំថ្ងៃ សប្ដាហ៍ ខែ ឬឆ្នាំ បានទាំងអស់ ដើម្បីដឹងថាតើក្នុងមួយឆ្នាំកន្លងផុតទៅ លើបានចំណាយលុយលើអ្វីច្រើនជាងគេ។ អាចទាញយកបានទាំងនៅលើ Android និង iOS។

ស្ថាបនិក App Jamnay ប្រាប់មូលហេតុធំៗ៣  ដែលអ្នកគួរតែកត់ត្រាចំណាយប្រចាំថ្ងៃនៅលើ App

២. App Kotluy : App នេះក៏ជាកម្មវិធីរបស់ខ្មែរយើងដូចគ្នា ដោយលោកអ្នកអាចកត់ត្រាប្រាក់ចំណូលប្រចាំថ្ងៃ ប្រចាខែ ប្រចាំឆ្នាំ ព្រមទាំងអាចមើលរបាយការណ៍អំពីការចាយវាយរបស់លោកអ្នកបានយ៉ាងងាយស្រួល។ នៅក្នុង App នេះចែកចេញ៣មុខងារធំៗគឺការសន្សំ សាច់ប្រាក់ និងបណ្ណឥណទាន។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ចាប់ផ្ដើម កត់ត្រាចំណូល ចំណាយខ្លួនឯងទុក អាចចូលទៅក្នុង App នេះបាន។ អាចទាញយកបានទាំងនៅ App Store និង Play Store។

Kotluy App

៣. App KOTRA-riel : មិនខុសអ្វីពី App ទាំងពីខាងលើទេ KOTRA-riel គឺជាកម្មវិធីរបស់ខ្មែរ​ និងផ្ដោតសំខាន់ទៅលើការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃដូចគ្នា។ នៅលើ App នេះអាចឱ្យលោកអ្នកចូលមើលពីរបាយការណ៍ចាយវាយ កត់ចំណូលថ្មី កត់ចំណាយថ្មី ដោយលោកអ្នកកាន់តែមានភាពងាយស្រូលក្នុងការកត់ត្រាជាងមុន។ អាចទាញយកបាន ទាំងនៅលើ App Store និង Play Store។

KOTRA Riel

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia