ដើម្បីបញ្ជៀសនូវការស្ទះត្រង់ច្រក ចេញ-ចូលទាំង៨ ក្នុងឱកាសពិធីបុណ្យសមុទ្រ ដោយធ្វើឡើងខេត្តព្រះសីហនុ នៅថ្ងៃទី ៩ ១០ និង១១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបង្កើតនូវគន្លង<ANPR> ថ្មី មិនចាំបាច់មានកាតឬឧបករណ៍ជំនួយ មិនចាំបាច់អង្គុយរងចាំបង់ប្រាក់ឡើយ គ្រាន់តែបញ្ចូលទឹកប្រាក់តាមផ្លាកលេខ តែប៉ុណ្ណោះ ។
យោងតាមការចេញផ្សាយពីក្រសួងសាធារណ៍ការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ទើបតែបង្កើតនូវគន្លងច្រកចេញចូលថ្មីឈ្មោះថា ANPR ដែលអនុញ្ញាតឲ្យគ្រប់យានយន្តទាំងអស់ចេញចូលលឿនរហ័ស ដោយគ្រាន់តែបង់ប្រាក់តាមផ្លាកលេខយានយន្តរបស់អ្នក តាមរយ:ធនាគារណាដែលអ្នកពេញចិត្ត។ នៅពេលដែលលោកអ្នកឡើងផ្លូវល្បឿនលឿន ឆ្លងកាត់គន្លង ANPR ពេលនោះគេនឹងមានឧបករណ៍ស្កេនផ្លាកលេខ រួចកាត់ទឹកប្រាក់ទៅតាមចម្ងាយផ្លូវដែលអ្នកបានធ្វើដំណើរ។
សម្រាប់វិធីក្នុងការបញ្ជូលទឹកប្រាក់ទៅនៅក្នុងផ្លាកលេខ ៖
ទី១ ៖ ស្កេន QR នេះ
ទី២៖ ជ្រើសរើសវិធីបង់ប្រាក់តាមរយ:ធនាគារដែលលោកអ្នកកំពុងតែប្រើប្រាស់
ទី៣ ៖ វាយបញ្ចូលប្រភេទផ្លាកលេខ ឧទាហរណ៍៖ កម្ពុជា កណ្ដាល ភ្នំពេញ តាកែវ កំពង់ស្ពឺ ជាដើម
ទី៤៖ វាយបញ្ចូលផ្លាកលេខយានយន្ត អក្សរ និងលេខ
ទី៥៖ វាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់តម្កល់ទុកសម្រាប់ប្រើប្រាស់លើផ្លូវល្បឿនលឿន
គួររំលឹកផងដែរថា សម្រាប់ច្រក ចេញចូលលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីមុនមាន គន្លងតែ ២ទេ គឺ គន្លង MTC (⬇️) និង គន្លង ETC ប៉ុន្តែបច្ចុប្បន្ននេះគឺមាន គន្លងថ្មីមួយទៀតគឺ ANPR សរុបទាំងអស់ មានគន្លងចំនួន ៣ប្រភេទ សម្រាប់ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿនកាន់តែមានភាពរហ័ស។
ទន្ទឹមនឹងនេះផងដែរ បងប្អូនអាចបញ្ចូលសមតុល្យឬទឹកប្រាក់ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ (LyHour PayPro)។
ជាមួយគ្នានេះដែរ លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។
សម្រាប់បងប្អូនមិនយល់ច្បាស់ពីអត្ថន័យគន្លងនីមួយៗនៅតាមច្រក ចេញ-ចូលផ្លូវល្បឿនលឿន សូមអានខាងក្រោម៖
* គន្លង MTC (⬇️) តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
** គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBUនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។
*** គន្លង ANPR ថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច៕
អត្ថបទដោយ៖ ព្រឹម ភក្តី