យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ «Samdech Hun Sen of Cambodia» បានណែនាំដល់សាធារណជននូវកម្មវិធីបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា Akhara AI SpellCheck and OCR ដែលជាជំនួយការដ៏មានសារៈសំខាន់ក្នុងការត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ និងបំប្លែងឯកសារយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ កម្មវិធីបច្ចេកវិទ្យាទំនើបមួយនេះ ត្រូវបានអភិវឌ្ឍឡើងជាលក្ខណៈកម្មវិធីលើទូរសព្ទដៃ (Mobile App) និងកម្មវិធីនៅលើគេហទំព័រ (Web App) ដោយផ្តោតលើមុខងារសំខាន់ៗចំនួនពីរគឺ ការត្រួតពិនិត្យអក្ខរាវិរុទ្ធ និងការបំប្លែងឯកសារ។

ចំពោះមុខងារត្រួតពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធ កម្មវិធីនេះអាចជួយពិនិត្យកំហុសឆ្គងនៃការសរសេរភាសាខ្មែរ ដោយផ្អែកលើអក្ខរាវិរុទ្ធគោលនៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ចំណែកឯមុខងារបំប្លែងឯកសារ ឬហៅថា OCR វិញ គឺមានសមត្ថភាពអាចបំប្លែងឯកសារពីរូបភាព ឯកសារប្រភេទ PDF ឬរូបថតផ្សេងៗ ឱ្យទៅជាអត្ថបទដែលអាចកែសម្រួលបានភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលវាយអក្សរឡើងវិញនោះឡើយ។

កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកប្រើប្រាស់ទូទៅ ពិសេសអ្នកដែលត្រូវសរសេរ និងធ្វើការងារជាមួយឯកសារអត្ថបទច្រើនទំព័រ ដូចជាអ្នកសរសេរសៀវភៅ អ្នកធ្វើរបាយការណ៍ និងអ្នកសារព័ត៌មានជាដើម ឱ្យអាចត្រួតពិនិត្យអក្ខរាវិរុទ្ធនៃឯកសារទាំងមូលបានយ៉ាងត្រឹមត្រូវ និងចំណាយពេលខ្លីបំផុត ព្រមទាំងជួយសន្សំសំចៃពេលវេលាក្នុងការវាយចម្លងអត្ថបទពីរូបភាព ឬឯកសារ PDF ផងដែរ។

សម្រាប់សាធារណជនដែលមានបំណងចង់ប្រើប្រាស់កម្មវិធី Akhara AI នេះ គឺអាចស្វែងរកទាញយកបាននៅលើទូរសព្ទដៃទាំងប្រព័ន្ធ iOS តាមរយៈ App Store និងប្រព័ន្ធ Android តាមរយៈ Google Play Store ឬក៏អាចចូលទៅប្រើប្រាស់ដោយផ្ទាល់នៅលើគេហទំព័រ akhara.online ផងដែរ។ ដើម្បីអាចចាប់ផ្តើមប្រើប្រាស់បាន អ្នកប្រើប្រាស់គ្រាន់តែធ្វើការចុះឈ្មោះដោយប្រើប្រាស់ប្រអប់សំបុត្រអេឡិចត្រូនិក ឬអ៊ីមែល (Email) រួចធ្វើការចូលគណនី (Login) គឺអាចប្រើប្រាស់បានភ្លាមៗតែម្តង៕
