ភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន AION Cambodia បានរៀបចំសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីប្រកាសជាផ្លូវការអំពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តអគ្គិសនី HYPTEC HT LUXURY ព្រមទាំងការធានាមួយជីវិតលើរថយន្តនេះជូនដល់អតិថិជន។
លោក ម៉េង ហេង អគ្គនាយកក្រុមហ៊ុន AION Cambodia បានមានប្រសាសន៍ថា រថយន្ត HYPTEC HT LUXURY ជារថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុន GAC Group របស់ប្រទេសចិន ហើយក្រុមហ៊ុន AION Cambodia គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តនេះនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន AION Cambodia ហ៊ានធានាមួយជីវិតលើរថយន្ត HYPTEC HT LUXURY គឺដោយសារតែក្រុមហ៊ុនមានការធានាច្បាស់លាស់ជូនអតិថិជនដែលចេញពីក្រុមហ៊ុនផ្ទាល់ ព្រមទាំងមានសេវាកម្មបម្រើអតិថិជន ២៤ ម៉ោងលើ ២៤ និង ២៥ ខេត្តក្រុងទូទាំងប្រទេស។ លើសពីនេះ ក្រុមហ៊ុននឹងទទួលខុសត្រូវរាល់ការខូចខាតរថយន្តរបស់អតិថិជនដែលត្រូវធ្វើរហូតដល់រយៈពេល ៤៨ ម៉ោង និងផ្តល់ជូនរថយន្តថ្មីសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលជួសជុល។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន AION Cambodia ក៏មានស្ថានីយ៍សាកថ្មរហូតដល់ទៅ ១៣៨ កន្លែងគ្រប់ខេត្តក្រុង និងទូទាំងប្រទេស ជាមួយនឹងប្រព័ន្ធ (Fast Charge) ដែលអាចសាកបានលឿនបំផុត ដូច្នេះអតិថិជនមិនចាំបាច់បារម្ភរឿងអស់ថ្មពេលកំពុងធ្វើដំណើរនោះទេ។
លើសពីនេះ ក្រុមហ៊ុន AION Cambodia ក៏នឹងធ្វើការទទួលទិញរថយន្ត HYPTEC HT LUXURY វិញគ្រប់ពេលវេលាប្រសិនបើអតិថិជនចង់ឡើងសេរីរថយន្ត ឬចង់លក់វិញ ហើយក្រុមហ៊ុននឹងធ្វើការជូនដោយមិនចំណាយថវិកាសូម្បីតែមួយរៀលក្នុងករណីអតិថិជនមានបញ្ហារថយន្តគាំងឬខូច។
រថយន្តអគ្គិសនី HYPTEC HT LUXURY មានមុខងារពិសេសៗជាច្រើនដូចជា ការការពារបរិស្ថានដោយគ្មាននូវផ្សែងបំពុល និងសំលេងរំខាន បច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាម៉ូតទ្វាបើកស្លាប (Gullwing Door) អាចទប់ទល់នឹងទម្ងន់បានប្រាំដង ធានានូវការការពារឆាបឆេះ និងផ្ទុះរថយន្ត អាចរងសម្ពាធទឹកបានយ៉ាងល្អ ប្រព័ន្ធជំនួយដល់អ្នកបើកបរដែលផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ និងតម្លៃសមជាមួយនឹងគុណភាព។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្តាច់មុខនិងចែកចាយរថយន្ត HYPTEC HT LUXURY តាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់សព្វថ្ងៃនេះ ដែលទទួលស្គាល់ពេញសិទ្ធិដោយក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្ននេះ ក្រុមហ៊ុន AION Cambodia មានរថយន្តអគ្គិសនីដាក់លក់នៅលើទីផ្សារចំនួន ៨ ម៉ូដែលដូចជា AION Y PLUS, HYPTECT PREMIUM, AION V LUXURY, AION V PREMIUM, HYPTEC GT, AION ES, AION PLUS PREMIUM និង HYPTEC HT LUXURY ដែលទើបតែនាំចូល។