AI Class ASEAN ជាកម្មវិធីអនឡាញមួយដែលបង្កើតឡើងដោយមូលនិធិអាស៊ាន (ASEAN Foundation) និងគាំទ្រដោយ Google.org។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) សម្រាប់ប្រជាជនទូទាំងតំបន់អាស៊ីអាគ្នេយ៍។
AI Class ASEAN គឺជាផ្នែកមួយនៃកម្មវិធីធំជាងនេះឈ្មោះថា AI Ready ASEAN ដែលជាគំនិតផ្តួចផ្តើមរយៈពេល 2,5 ឆ្នាំដែលមានទឹកប្រាក់ឧបត្ថម្ភ 5 លានដុល្លារពី Google.org។ គោលដៅចម្បងនៃកម្មវិធីនេះគឺបណ្តុះបណ្តាលមនុស្សចំនួន 5,5 លាននាក់ទូទាំងអាស៊ាន រួមមានយុវជន អ្នកអប់រំ និងមាតាបិតា ឲ្យមានជំនាញសំខាន់ៗក្នុងការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ។
កម្មវិធីនេះមានលក្ខណៈពិសេសដូចខាងក្រោម៖
- មាតិកាមេរៀនដែលត្រូវបានកែសម្រួល មានម៉ូឌុលមេរៀនចំនួន 70 ដែលត្រូវបានរៀបចំឡើងតាមបរិបទតំបន់នីមួយៗក្នុងតំបន់អាស៊ាន។
- ជំនួយបច្ចេកវិទ្យា មានមុខងារពិសេសៗដូចជាឆាតបតដែលដំណើរការដោយ AI វេទិកាពិភាក្សាពហុភាសា និងឧបករណ៍បកប្រែតាមពេលវេលាជាក់ស្តែងដើម្បីសម្រួលដល់ការសិក្សារួមគ្នា។
- ការបណ្តុះបណ្តាលឥតគិតថ្លៃ ផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃដើម្បីលើកកម្ពស់ចំណេះដឹងអំពី AI និងបំផុសការចាប់អារម្មណ៍លើអាជីពក្នុងវិស័យនវានុវត្តន៍ឌីជីថល។
អត្ថប្រយោជន៍ដែលសិស្សអាចទទួលបានពីការចុះឈ្មោះចូលរៀនក្នុងកម្មវិធី AI Class ASEAN មានដូចខាងក្រោម៖
- ទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះអំពី AI
- ត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត
- បង្កើនការគិតបែបឡូជីក និងការដោះស្រាយបញ្ហា
- ឱកាសក្នុងការបង្កើតគំនិតថ្មី។
កម្មវិធី AI Class ASEAN គឺសម្រាប់សិស្សនិស្សិត និងប្រជាជនទូទៅដែលមកពីប្រទេសជាសមាជិកអាស៊ានទាំង 10៖
- កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម។
- អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនដោយសេរីគ្រប់វគ្គសិក្សាតាមរយៈលីងមួយនេះ AI Class ASEAN
គូសបញ្ជាក់ផងដែរថា គោលបំណងសំខាន់របស់កម្មវិធីនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលនៅទូទាំងតំបន់អាស៊ាន ដោយផ្តោតជាពិសេសទៅលើយុវជន អ្នកអប់រំ និងមាតាបិតា ដើម្បីជួយពួកគេឱ្យយល់ដឹង និងប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវ។
អត្ថបទដោយ៖ ងួន ឃុនណា