Breaking News ៖ យោងតាមសេចក្តីជូនដំណឹងពីផ្សារទំនើបអ៊ីអនមានជ័យ ឬ AEOM Mall Mean Chey បានឲ្យដឹងថា ផ្សារទំនើប អ៊ីអនម៉ល មានជ័យ នឹងធ្វើការបិទដំណើរការបណ្តោះអាសន្នថ្ងៃនេះ តទៅ រហូតដល់មានការជំរាបជូនដំណឹងម្តងទៀត ។
សម្រាប់មូលហេតុដែលឲ្យផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ឈានដល់ដំណាក់កាលប្រកាសបិទបណ្តោះអាសន្នបែបនេះ គឺដោយសារតែមានបញ្ហាកាត់ផ្តាច់នូវប្រព័ន្ធអគ្គិសនីភ្លាមៗ ។ ហេតុដូចនេះប្រសិនជាបងប្អូនមានកិច្ចការធុរ:សំខាន់ ឬមានជើងធ្វើដំណើរកម្សាន្តនៅផ្សារអ៊ីអន ម៉ល មានជ័យ មេត្តាផ្អាក់ដំណើរកម្សាន្តសិន ព្រោះផ្សារទំនើបបានប្រកាសបិទបណ្ណោះអាសន្ន ។ ហើយរាល់ការចេញចូល ផ្សារទំនើបនេះ នឹងមិនត្រូវអនុញ្ញាតឡើយ។
បញ្ជាក់ សម្រាប់របរអាជីវកម្ម តូបលក់ដូរផ្សេងៗ រួមទាំងរោងភាគយន្ត Major Cineplex Mean Chey ត្រូវបានផ្អាក់ដំណើរការបណ្តោះអាសន្នជាមួយគ្នានឹងផ្សារទំនើបអ៊ីអន ម៉ល មានជ័យផងដែរ។
គួរជំរាបផងដែរថាផ្សារទំនើបអ៊ីអន ម៉ល មានជ័យ នេះមានទីតាំងជាប់បណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានបើកដំណើរការកាលពីចុងឆ្នាំ២០២២កន្លងទៅ។ ក្រោយបើកដំណើរការ ផ្សារថ្មីនេះក៏បានជាប់ឈ្មោះជាផ្សារទំនើបធំជាងគេនៅកម្ពុជាផងដែរ ដែលមានផ្ទៃក្រឡាលក់រាយរហូតដល់ទៅ ១៧៤០០០ ម៉ែតក្រឡា ខណៈចំណាយថវិកាសាងសង់សរុបចំនួន ២៨៩,៦លានដុល្លារអាមេរិក៕
អត្ថបទដោយ៖ ព្រឹម ភក្តី