សេចក្តីជូនដំណឹង
យោងតាមប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ដោយរដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជន ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្ធិបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ មជ្ឈមណ្ឌលសន្ធិបាត និងពិព័រណ៍កោះពេជ្រ និងនៅសួនច្បារមុខព្រះបរមរាជវាំង នាពេលខាងមុខ។
ក្នុងដំណើរការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាខាងលើនឹងមានការចូលរួមពីគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើន ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងកាត់បន្ថយបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាមហាវិថី និងមហាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា តាមកាលបរិច្ឆេទខាងលើ ដែលមានគម្រោងផ្លូវដូចខាងក្រោម៖
១- ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
- មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉ែត្រ ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាស សម្តេចសម្តេចធិបតី ហ៊ុន ម៉ាណែត
- ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ
- ចំពោះកំពង់ចម្លងសុខា ត្រូវផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ
- ដោយឡែកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំពោះកំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។
២- នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ហាមធ្វើចរាចរលើកំណត់មហាវិថី ព្រះសុរាម្រិត ចាប់ពីវង់មូលវិមានឯករាជ្យ រហូតដល់ស្ទុបនាគបាញ់ទឹក, ហាមធ្វើចរាចរលើកំណត់មហាវិថី សម្តេចសុធារស ចាប់ពីស្ទុបនាគបាញ់ទឹក រហូតដល់វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងហាមធ្វើចរាចរលើកំណត់វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ចាប់ពីស្តុបសាលាសន្និសីទចតុមុខ រហូតដល់ស្តុបរោងដំរី ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

៣- នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
- ហាមធ្វើចរាចរលើកំណត់មហាវិថី អូស៊ីអាយស៊ី ចាប់ពីវង្វង់មូលអប្សរា រហូតដល់វង្វង់មូលនាងទេពមច្ឆា
- ចំពោះស្ពានបេតុងខ្សែកាបឫស្សីកែវ (ឆ្លងកាត់ទន្លេសាប) ត្រូវបិទការធ្វើចរាចរទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ។


ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក៏ដូចជាអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាឱ្យទទួលបានជោគជ័យ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម និងសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរ ក្នុងរាជធានីភ្នំពេញ។

