ក្រុមហ៊ុនកាហ្វេនៅយូណាន ប្រើរូបូត AI និង 5G លែងត្រូវការធ្វើឃ្លាំងស្តុកឥវ៉ាន់
Sakada Techie
NOVEMBER 29 2023
នវានុវត្តន៍
419 views
2 mins read

រូបូត AI ឬ 5G យើងធ្លាប់គិតថាជាបច្ចេកវិទ្យាកម្រិតខ្ពស់ហាក់នៅឆ្ងាយមែនទែន យ៉ាងណាបច្ចេកវិទ្យាអស់ទាំងនេះកំពុងតែត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ក្រុមហ៊ុនជាច្រើននៅប្រទេសចិន តួរយ៉ាងដូចជាទស្សនៈកិច្ចថ្មីៗនេះរបស់ក្រុមការងារចាបខៀវនៅក្រុមហ៊ុនកាហ្វេ Zhongka រៀបចំឡើងដោយក្រុមហ៊ុន Huawei នោះ សង្កេតឃើញថាក្រុមហ៊ុនកាហ្វេនេះប្រើប្រាស់ AI រូបូត 5G និងស្វ័យប្រវត្តិកម្មក្នុងប្រតិបត្តិការរបស់ខ្លួន។

ដោយសារតែការចាប់យកបច្ចេកវិទ្យាយកមកប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុននេះអាចធ្វើការវិភាគដឹងគ្រប់ដង្ហើមនៃអាជីវកម្ម រាប់ចាប់តាំងតែពីគ្រាប់កាហ្វេស្រស់ចូលមកក្នុងរោងចក្ររហូតក្លាយជាកញ្ចប់កាហ្វេចេញទៅដល់ធ្នើររបស់អតិថិជន ហើយបានជួយក្រុមហ៊ុន បង្កើនគុណភាពកាហ្វេ នៅទទួល កាត់បន្ថយថ្លៃដើមបានច្រើន ជាពិសេសដូចជាការមិនផលិតលើស ឬមិនត្រូវការចំណាយលើឃ្លាំងសម្រាប់ស្តុកផលិតផលសម្រេចទុកនោះទេ។

ឆ្លើយតបទៅនឹងចម្ងល់ក្រុមការងារចាបខៀវទៅលើសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម រូបូត AI និង 5G នៅក្នុងការផលិតនិងវេចខ្ចប់កាហ្វេ លោក Shi Jian Car អ្នកគ្រប់គ្រងរដ្ឋបាលរបស់ក្រុមហ៊ុន Zhongka Food ម្ចាស់យីហោ Sinloy Coffee បានឱ្យដឹងថា 5G និងបច្ចេកវិទ្យាដទៃទៀតបានចូលរួមចំណែកយ៉ាងសំខាន់ទៅលើការកាត់បន្ថយថ្លៃចំណាយក្នុងការផលិត បង្កើតប្រសិទ្ធភាពក្នុងការផលិតបង្កើនទិន្នផលកាហ្វេដែលបានផលិត(លីង សម្អាត) បានកាន់តែច្រើនជាងមុន និង កាត់បន្ថយកាកសំណល់ ព្រមទាំងពង្រឹងគុណភាពបានខ្ពស់ផងដែរ

ក្នុងដំណើរទស្សនកិច្ចសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកាហ្វេនេះ ចាបខៀវ សង្កេតឃើញថា រោងចក្រនេះបានប្រើប្រាស់ស្វ័យប្រវត្តិកម្មសឹងគ្រប់មុខការ រាប់តាំងតែពីការលីង កិន និងវេចខ្ចប់គ្រាប់កាហ្វេ ដោយបានកាត់បន្ថយការពឹងពាក់លើកម្លាំងពលកម្មមនុស្សបានច្រើន យ៉ាងណាមិនមែនមានន័យថាមិនមានមនុស្សសោះនោះទេ ដោយគ្រប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬរូបូត ត្រូវមានមនុស្សយ៉ាងហោចម្នាក់ដើម្បីឃ្លាំមើលពីដំណើរការ។

យុគនៃ AI ក្រុមហ៊ុននេះបានប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះជួយទៅក្នុងការបែងចែកគុណភាព និង ទំហំនៃគ្រាប់កាហ្វេ តាមបច្ចេកវិទ្យាចំណាំរូបភាព និង បច្ចេកវិទ្យាទិន្នន័យ។ ជាងនេះទៅទៀត AI បានចូលរួមចំណែកផងដែរក្នុងការគ្រប់គ្រងរោងចក្រទាំងមូលផងដែរ រាប់បញ្ចូលទាំងការគ្រប់គ្រងថាមពល គុណភាព ក្នុងគោលរួមមួយធានាបានគុណភាពខ្ពស់នៃផលិតផលសម្រេច។

បន្ថែមទៅលើការប្រើប្រាស់រូបូត Zhongka កំពុងប្រើប្រាស់យ៉ាងសកម្មនូវបច្ចេកវិទ្យា 5G ហើយលើសពីការប្រើប្រាស់ក្នុងការលក់ Livestream នៅលើអនឡាញ ក្រុមហ៊ុននេះបានប្រើប្រាស់ 5G ក្នុងការធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតរបស់ខ្លួន។

អរគុណដល់ល្បឿន និង ភាពយឺតយ៉ាវទាប (Low Latency) នៃបច្ចេកវិទ្យា 5G នេះរោងចក្ររបស់ក្រុមហ៊ុន Zhongka អាចទទួល និង ប្រមូលទិន្នន័យទៅលើខ្សែរច្រវ៉ាក់ផលិតកម្មរបស់ខ្លួនបានលឿនរហ័ស ដើម្បីយកទៅវិភាគ និង តម្រូវដំណើរការផលិត ធានាឱ្យបាននូវគុណភាពកាហ្វេខ្ពស់បំផុត មានការទទួលស្គាល់ទូរទាំងពិភពលោក ហើយបច្ចេកវិទ្យានេះផងដែរក៏អនុញ្ញាតឱ្យរោងចក្រផលិត ដោយដឹងពីតម្រូវការជាក់ស្ដែងនៅលើទីផ្សារ ពោលផលិតមកស្របតាមការកុម្ម៉ង់ភ្លាមៗ មិនត្រូវការចំណាយលើការស្តុកទុកឥវ៉ាន់ឡើយ។

សរុបជារួមរោងចក្រកាហ្វេ Zhongka ជាគម្រូមួយនៃរបៀបក្នុងការប្រើប្រាស់ស្វ័យប្រវត្តិកម្ម រូបូត AI និង 5G ជម្រុញទៅលើសង្វាក់ផលិតកម្ម និង ការវេចខ្ចប់ឡើងលើទីផ្សារឌីជីថល ជាមួយនឹងការផលិតស្របទៅតាមតម្រូវការជាក់ស្ដែងលើទីផ្សារ និង អាចរក្សាបាននូវតម្លៃប្រកួតប្រជែង និងរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនបានខ្ពស់។

គូសបញ្ជាក់ផងដែរថា រោងចក្រ Zhongka Food ស្ថិតនៅទីប្រជុំជនស្រុក Baoshan ខេត្តយូណាន ជាតំបន់ផលិតកាហ្វេគ្រាប់តូចបានច្រើនជាងគេបង្អស់លើពិភពលោក ហើយស្ថិតក្រោមការជួយក្នុងការតភ្ជាប់ភូមិកាហ្វេដាច់ស្រយាលជាច្រើនក្នុងខេត្តនេះទៅកាន់ប្រទេសចិនដ៏ទូលំទូលាយ និង ពិភពលោក ពីសំណាក់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ Yunan Mobile សហការជាមួយនឹងក្រុមហ៊ុន Huawei តាមរយៈហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G នេះជាពិសេសបច្ចេកវិទ្យា 5G កម្រិតខ្ពស់បានជួយឱ្យវិស័យកាហ្វេនៅទីប្រជុំស្រុក Baoshan ឈានមុខមួយកម្រិតថ្មីទៀត ជាមួយនឹងបច្ចេកវិទ្យាឌីជីថលធានាបាននូវគុណភាពល្អដាច់ប្លែកពីគេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia