កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ចូលរដូវកាលថ្មីហើយ ដឹកដៃជួយដល់ Startup ទាំងនេះរហូតដល់ ១២សប្ដាហ៍
Sakada Techie
MARCH 31 2025
អាជីវកម្ម 4.0
150 views
2 mins read

នាថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ មីនា ឆ្នាំ ២០២៥, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំ ពិធីបើកដំណើរការជាផ្លូវការនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដោយមាន ការចូលរួមពីសំណាក់អ្នកតំណាងដៃគូសហការនៃកម្មវិធីរួមមាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, ធនាគារ វីង និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ពិធីបើកដំណើរការជាផ្លូវការនេះ ត្រូវបានរៀបចំឡើងដើម្បីជាការអបអរសាទរក្រុមធុរកិច្ចថ្មីទាំង ១០ ក្រុម ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី និង ការប្រកាសបើកជាផ្លូវការនូវកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤។ គួរបញ្ជាក់ផងដែរថា ធុរកិច្ចថ្មីទាំង ១០ ខាងលើក៏នឹងចូលរួមវគ្គបុរេពន្លឿនអាជីវកម្ម និង វគ្គពន្លឿនអាជីវកម្ម ជាបន្តទៀតដើម្បីសម្រួចគំនិតរបស់អាជីវកម្ម និង ពង្រឹងសមត្ថភាពរបស់ក្រុមត្រៀមខ្លួនធ្វើបទបង្ហាញទៅកាន់ដៃគូពាក់ព័ន្ធ និង សាធារណជនក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ត្រូវបានរចនាឡើងដើម្បីពន្លឿន និង ជ្រោមជ្រែងក្រុមធុរកិច្ចថ្មី ដែលផ្ដល់ដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មប្រភេទ B2B, B2C, និង B2G លើគ្រប់វិស័យដែលមានសក្ដានុពល។ កម្មវិធីនេះផ្ដល់ការគាំទ្ររយៈពេល ១២ សប្តាហ៍ដល់ក្រុមធុរកិច្ចថ្មី ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែមរួមមាន៖ Digital Payment Sandbox, CamDX, CamDigiKey, Khmer OCR, Semantic Search, Online Business Registration, Startup Cambodia Platform, AWS Activate Portfolio (មានតម្លៃរហូតដល់ ៥ ពាន់ដុល្លារ) ជាពិសេសទៀតធុរកិច្ចថ្មីក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ហើយក៏មានការឧបត្ថម្ភពី ធនាគារ វីង និង ចូលរួមគាំទ្រជាដៃគូចែករំលែកចំណេះដឹង (Knowledge Partners) ពីមជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍រាជធានីភ្នំពេញ, មជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍នៅប្រទេសវៀតណាម, Business Startup Support Centre, Quest Venture និង Impact Investment Exchange រួមទាំងដៃគូផ្សព្វផ្សាយ រួមមាន Fresh News, Technology Cambodia, និង Cambodia Investment Review ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia