គ្រាន់ធ្វើឱ្យអ៊ីនធឺណេតគ្របដណ្ដប់ទូរទាំងភូមិបាន អ្នកភូមិ Xinzhai លក់ផលិតផលកសិកម្មបានថ្លៃជាងមុន ៤ដង
Sakada Techie
NOVEMBER 29 2023
នវានុវត្តន៍
288 views
2 mins read

ភូមិ Xinzhai ស្ថិតក្នុងទីប្រជុំស្រុក Baoshan ខេត្តយូណាន ជាភូមិល្បីល្បាញខ្លាំងបំផុតមួយនៅប្រទេសចិន ដោយកន្លែងនេះជាទីកន្លែងកំណើតនៃកាហ្វេគ្រាប់តូច ដែលជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ចិន មានការទទួលស្គាល់ទូរទាំងប្រទេសចិន និង អន្តរជាតិ ហើយដោយសារតែការចាប់យកបច្ចេកវិទ្យាបានផ្លាស់ប្ដូរជីវភាពកសិករនៅភូមិនេះគួរឱ្យកត់សម្គាល់។

វិស័យកាហ្វេនៅភូមិនេះធ្លាប់ធ្លាក់ដល់កម្រិតមួយស្ទើរតែជាប់គាំង ដោយទិន្នផលដាំបានទទួលបានកម្រៃទាប ពិបាករកអ្នកទិញ ធ្វើឱ្យកសិករដាំកាហ្វេជាច្រើនរូបធ្លាប់មានអារម្មណ៍ចង់បោះបង់ចោលចំការកាហ្វេរបស់ខ្លួន ហើយដាំដំណាំដទៃជាជាងដំណាំអត្តសញ្ញាណប្រចាំខេត្តរបស់ខ្លួន។

យ៉ាងណាក៏ដោយ ក្រោយការចាប់យកបច្ចេកវិទ្យា និង អរគុណដល់ការតភ្ជាប់បណ្ដាញទូរស័ព្ទ 4G 5G គ្របដណ្ដប់ទូរទាំងភូមិ បានធ្វើឱ្យវិស័យដាំកាហ្វេក្នុងភូមិមានជីវិតឡើងវិញ ហើយគ្រាប់កាហ្វេដាំបានទទួលបានតម្លៃគុណនឹង ៤ដង ពី១៥យ័នក្នុងមួយគីឡូក្រាម ទៅ ៦០យ័នក្នុងមួយគីឡូក្រោម ឬប្រហាក់ប្រហែលពី ២.៤ ដុល្លារទៅ ៩ដុល្លារក្នុងមួយគីឡូក្រាម។

យោងតាមការបង្ហាញពីសំណាក់ក្រុមការងារ Yunan Mobile ក្នុងដំណើរទស្សនកិច្ចរៀបចំឡើងដោយក្រុមហ៊ុន Huawei ទៅកាន់ភូមិនេះ គេអាចយល់បានថា កត្តាមួយធ្វើឱ្យភូមិនេះទទួលបានជោគជ័យលើផលិតផលកសិកម្មជាអត្តសញ្ញាណរបស់ខ្លួននោះ គឺហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ 5G រៀបចំឡើងដោយក្រុមហ៊ុននេះផ្ទាល់ ជាមួយនឹងការសហការនឹងក្រុមហ៊ុន Huawei ដើម្បីផ្ដល់នូវភូមិដាច់ស្រយាលនេះនូវអ៊ីនធឺណេតល្បឿនលឿន ភាបយឺតយ៉ាវទាប (Low Latency) ដែលចាំបាច់ក្នុងការប្រើប្រាស់សម្រាប់បច្ចេកវិទ្យាឌីជីថលមួយចំនួន ដើម្បីធ្វើបរិវត្តកម្មវិស័យកាហ្វេក្នុងភូមិ។

ក្រុមការងារ Yunan Mobile បានបង្ហាញឱ្យឃើញថា 5G ត្រូវបានគេប្រើប្រាស់ដើម្បីតាមដាន និង គ្រប់គ្រងការដាំដុះ រហូតដល់ដំណាក់កាល វេចខ្ចប់ជាផលិតផលសរុប គ្រប់ពេលវេលាទាន់ជាក់ស្ដែង (realtime) ដើម្បីធានាឱ្យបាននូវគ្រាប់កាហ្វេ ដាំដុះ និង ប្រព្រឹត្តិកម្មជាផលិតផលសរុប ស្របតាមស្តង់ដារខ្ពស់បំផុត។

5G ក៏ត្រូវបានប្រើប្រាស់ ក្នុងការរៀបចំផែនការ និង បញ្ចូលនូវរបៀបស្រោចស្រពមួយប្រភេទគេហៅថា Precision Irrigation ជួយសន្សំសំចៃការប្រើប្រាស់ទឹក ហើយស្រោចស្រពទៅតាមតម្រូវការជាក់ស្ដែងរបស់ដើមកាហ្វេ ដើម្បីជួយបង្កើនគុណភាពកាហ្វេ។

លើសពីនេះទៅទៀត 5G បានធ្វើឱ្យប្រជាជនចាប់យករបៀបនៃការរកស៊ីបែបថ្មីក្នុងវិស័យកាហ្វេ។ បើតាមការបង្ហើបខ្លះៗពីសំណាក់ មេភូមិ Xinzhai បានឱ្យដឹងថា កសិករមួយចំនួននៅភូមិនេះបានធ្វើការ Live ពីកសិដ្ឋានរបស់ពួកគេ ហើយលក់គ្រាប់កាហ្វេស្រស់ដោយផ្ទាល់តែម្ដងទៅកាន់អតិថិជននៅលើអនឡាញ ហើយការណ៍នេះបានធ្វើឱ្យកសិករមានអំណាចក្នុងការចរចារតម្លៃបានខ្ពស់ជាងមុន លើកស្ទួយជីវភាពទៅកម្រិតមួយខុសពីមុន។

ភាពជោគជ័យនៃភូមិកាហ្វេ Xinzhai ក៏ដោយសារផ្លេតហ្វម e-Commerce មួយផ្នែកដែរ ព្រោះផ្លេតហ្វមអស់ទាំងនោះហើយធ្វើឱ្យកសិករអាចចាប់យកទីផ្សារបានធំជាងមុន ហើយអតិថិជនរបស់កសិករលែងជាឈ្មួញកណ្ដាល ឬត្រឹមអ្នកភូមិទៀតហើយ ពោលវិសាលភាពប្រទេសចិនទាំងមូលតែម្ដង។

ជាគុណតម្លៃបន្ថែមនៃការរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួននៃភូមិនេះដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ភូមិ Xinzhai នៅអាចច្នៃទាញប្រយោជន៍ពីទេសចរណ៍កាហ្វេបានថែមទៀតផងដែរ ដោយភូមិនេះមានកសិដ្ឋានជំនាញលើកាហ្វេ ៤ប្រភេទធំៗ ទាញសហគ្រាសផលិតកែច្នៃកាហ្វេច្រើនជាង ១០ ហើយទាញទេសចរណ៍ក្នុងមួយឆ្នាំៗមិនក្រោម ១សែននាក់នោះទេ ដោយនាំចំណូលបន្ថែមគ្រាក់ៗទៀតដល់កសិករ និង អ្នកក្នុងតំបន់។

សរុបមក យើងអាចមើលឃើញថាសាច់រឿងភូមិ Xinzhai ជាឧទាហរណ៍ដ៏ល្អមួយបង្ហាញអំពីរបៀបនៃការតភ្ជាប់ទៅកាន់បណ្ដាញ 4G/5G និង ការប្រើប្រាស់បច្ចេកវិទ្យា អាចផ្លាស់ប្ដូរសហគមន៍ជនបទដាច់ស្រយាល លើកស្ទួយផលិតផលកសិកម្មប្រចាំភូមិ បង្កើនចំណូលដល់ប្រជាជន ចាប់យកសក្ដានុពលថ្មី បង្កើតអនាគតកាន់តែទំនើបជាងមុន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia