លក់ដាច់សាហាវ កូនឡានអគ្គិសនីរបស់ចិនមួយនេះ កំពុងផ្ទុះការចាប់អារម្មណ៍ពីមនុស្សជុំវិញលោកយ៉ាងខ្លាំង ដោយមានការលក់អស់ជាង ១,១លានគ្រឿងគិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ហើយឡានអគ្គិសនីនេះដែរគឺមានតម្លៃធូរថ្លៃខ្លាំងមែនទែន ចាប់ពី ៤៤០០ដុល្លារឡើងទៅ ។
បើយោងតាមការចុះផ្សាយពីគេហទំព័រចិន Carnewschina បានឲ្យដឹងថា កូនអគ្គិសនីដែលឈ្មោះថា Wuling Mini EV កំពុងផ្ទុះប្រជាប្រិយយ៉ាងខ្លាំង សុះសាយជុំវិញពិភពលោក ដោយសារតម្លៃសមរម្យចាប់ពី ៤៤០០០ដុល្លារ ណាមួយ ឡានអគ្គិសនីនេះជួយដល់ការសន្សំសំចៃទៀតនោះ ទើបធ្វើឲ្យឡានអគ្គិសនី ២កៅអីនេះលក់អស់ជាង ១,១លានគ្រឿងគិតចាប់ពីថ្ងៃដាក់លក់តាំងពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ហើយកាលពីថ្ងៃទី៣០ និងថ្ងៃទី៣១ កាលពីកន្លងទៅ ឡានអគ្គិសនី Wuling Mini EV បានធ្លាក់ចុះនូវតម្លៃពី ៤៨០០ដុល្លារ មក ៤៤០០ដុល្លារនៃតម្លៃចាប់ផ្តើម។
បើយើងក្រឡេកទៅមើលនៅឆ្នាំ ២០២២ វិញ ការលក់របស់ Wuling Mini EV បាន ៥៥៤,០៦៧គ្រឿង កើនឡើង ៣០% ពីឆ្នាំ២០២១ ។ នៅក្នុងទីផ្សារប្រទេសចិន ក្នុងចំណោមកូនឡានអគ្គិសនីខ្នាតតូចៗ Wuling Mini Ev បានក្តោបយកទីផ្សារបាន ដល់ ៥០% ទៅហើយ ចំណែកឯដៃគូរប្រជែងរបស់ឡាននេះវិញ គឺជា Chery និង Changan ដែលមានចំណែកទីផ្សារ ៣០% ក្នុងប្រទេសចិន។
បើយោងតាមទិន្នន័យពីប្រភពខាងលើ ក្នុងចំណោមឡានអគ្គិសនីប្រភេទ Mini ទាំងនោះ យើងឃើញថាមានតែ Wuling Mini EV មានតម្លៃធូរជាងគេ ចាប់ពី ៤៨០០ដុល្លារ - ១៤៧០០ដុល្លារ ។
គួរជំរាបផងដែរ សម្រាប់ Wuling Mini Ev មានច្រើន Option មែនទែន ហើយសម្រាប់សមត្ថភាពបើកបរអ្នកទាំងអស់អាចជម្រើសបានច្រើនចាប់ពី ១២០គ.ម-៣០០គ.ម អាស្រ័យលើកញ្ចប់ថវិកា។ ចំណែកឯការធានាវិញ ទៅលើឡានទាំងមូលធានា ៣ ឆ្នាំ ឬ១០០.០០០គម និងការធានាលើ អាគុយ ម៉ូទ័រអគ្គិសនី ព្រមទាំងប្រព័ន្ធគ្រប់គ្រង់អគ្គិសនី រយ:ពេល ៨ឆ្នាំ ឬ ១២០.០០០គ.ម៕
អត្ថបទដោយ៖ ព្រឹម ភក្តី