នៅលើភពផែនដីបច្ចុប្បន្ននេះ Wifi ត្រូវបានគេប្រើប្រាស់ច្រើននៅតាមហាងកាហ្វេ ភោជនីយដ្ឋាន និងផ្ទះជាដើម។ ដោយឡែកថ្មីៗនេះ មានក្រុមហ៊ុនថ្មីមួយឈ្មោះ Aquarian Space បានគៀងគរលុយពីអ្នកវិនិយោគដំបូង បានចំនួន ៦៥០០០០ ដុល្លារ ដើម្បីធ្វើការ លើការតភ្ជាប់អ៊ីនធើណេតល្បឿនលឿន ដែលនឹងត្រូវភ្ជាប់ពីផែនដី ទៅដល់ឋានព្រះច័ន្ធ និងអាចឈានដល់ភពអង្គារទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ Fossbytes។
បើយោងតាមរបាយការណ៍ពី Space គម្រោងមួយនេះ នឹងត្រូវចាប់ផ្ដើមឡើងដើមឆ្នាំ២០២៤ខាងមុននេះ។ មហិច្ឆតារបស់ក្រុមហ៊ុន Aquarian នេះ គឺចង់បង្កើតប្រព័ន្ធមួយហៅថា Solnet ដែលដំណើរការដោយផ្ដាយរណបល្បឿនលឿន ដែលអាចបញ្ចូនទិន្នន័យក្នុងល្បឿន ១០០ មេកាបៃ/មួយវិនាទី។
គូសបញ្ជាក់គម្រោងមួយនេះ ទើបតែចាប់ផ្ដើមរៃអង្គាសប្រាក់ដំបូងប៉ុណ្ណោះ ដោយទទួលបានជាង ៦សែនដុល្លារ ដែលយើងអាចនិយាយបានថា នឹងមានអ្នកបោះលុយវិនិយោគបន្តបន្ទាប់ទៀត មុននឹងឈានដល់គម្រោងដ៏ធំនេះ លេចចេញជារូបរាងឡើង។ ចុះបើការតភ្ជាប់នេះទទួលបានជោគជ័យ គិតថាចង់ទៅប្រើនៅទីនោះឬអត់?
អត្ថបទដោយ៖ ផែន ផាន់ណា