អេមណាស់! គណៈកម្មាធិការជាតិគ្រោងបំពាក់ WIFI នៅពហុកីឡដ្ឋានជាតិមរតកតេជោពេញមួយបរិវេណ
ផែន ផាន់ណា
MARCH 7 2023
អេឡិចត្រូនិក
447 views
2 mins read

ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយកិច្ចប្រជុំនេះ គឺផ្ដោតទៅលើការរៀបចំប្រព័ន្ធ Wi-Fi ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឯកឧត្តម ស៊្រុន គឹមសាន សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ជាតំណាង បានមកចូលរួមប្រជុំដើម្បីពិភាក្សាគ្នាអំពីរបៀបរបបនៃការរៀបចំនេះ។

thumbnail  

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ថាជម្រាបជូនថា៖ «ជាទូទៅ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ។ អ៊ីចឹង ការបំពាក់ Wi-Fi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់។ នេះហើយ គឺជាការយកចិត្តទុកដាក់ នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ម៉ឺននាក់ ក៏យើងត្រូវមានការបំពាក់ Wi-Fi ផងដែរ។ ដូច្នេះ ទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឱ្យកំណើននៃការផ្សាយចេញរូបភាពទាំងអស់នៅក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»។

លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Wi-Fi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (International Broadcast Center - IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មានផងដែរ។ ទីនេះ ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងក្ដីរំពឹងទៀតថា តាមរយៈការបំពាក់ប្រព័ន្ធ Wi-Fi ប្រើប្រាស់បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួម បានផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍ឱ្យបានកាន់តែទូលំទូលាយ។

«យើងបែងចែកចេញជា២៖ ទី១ ដែលប្រើប្រាស់សម្រាប់ការងារនៅក្នុងការស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC ដែលមានរៀបចំការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្នាក់ងារទូរទស្សន៍ក៏មានភាពងាយស្រួលក្នុងការបញ្ចូនព័ត៌មាន។ មួយទៀត គឺមហាជន អ្នកចូលរួមទស្សនា គាត់ក៏ជាអ្នកផ្សព្វផ្សាយផងដែរ។ អ៊ីចឹង គាត់ក៏ទទួលបាន Wi-Fi នេះ គាត់ក៏អាចជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះផងដែរ ដែលនេះហើយគេហៅ ‘កម្លាំងឥទ្ធិលរបស់កីឡា’»។ ប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia