ការស្វែងរក Freelancer លើវិស័យអាយធីដូចជាអ្នកសរសេរវេបសាយ ឌីហ្សាញ Network ជាដើម គឺមានភាពពិបាក បើយើងមិនសូវមានទំនាក់ទំនងជាមួយពួកគេច្រើន។ ឥឡូវនេះលែងជាបញ្ហាទៀតហើយ សម្រាប់អ្នកដែលកំពុងមានតម្រូវការ ទាក់ទងនឹងការជ្រើសរើសអ្នកធ្វើការឯករាជ្យ ឬ Freelancer អាចចូលទៅស្វែងអ្នកជំនាញទាំងនេះនៅលើវេបសាយដែលទើបដាក់សម្ពោធថ្មី ឈ្មោះថា Khmer Tech Market។
Khmer Tech Market គឺជាវេបសាយថ្មី ដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញ (Freelancer) និងមានលក់សេវាកម្មជាច្រើនទាក់ទងនឹងវិស័យបច្ចេកវិទ្យា ឬអាយធី។ បើតាមការបញ្ជាក់ពីសេចក្ដីប្រកាសរបស់ មជ្ឈមណ្ឌលកម្ពុជា៤.០ បានឱ្យដឹងថា វេបសាយ Khmer Tech Market នេះ គឺជាកន្លែងមួយដែលបង្កើតឱកាស សម្រាប់អ្នកដែលមានទេពកោសល្យ ទាំងជាលក្ខណបុគ្គលិក ជាអ្នកធ្វើការឯករាជ្យ (Freelancer) ទាំងជាលក្ខណៈក្រុមហ៊ុន ដែលជំរុញទេពកោសល្យកូនខ្មែរ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឱ្យកាន់តែប្រសើរឡើង។
បន្ថែមពីលើនេះ ការបង្កើត Khmer Tech Market នឹងជួយបំផុសផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឱ្យកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត ក្នុងការផ្ដល់ និងការទទួលសេវា៕
អត្ថបទដោយ៖ ផែន ផាន់ណា