ក្នុងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជំនួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ដឹកនាំដោយលោក Jean LESCURE ស្តីពីគ្រោងការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទាំង ៧ទីកន្លែងធំៗ។
យោងតាមការចេញផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងពិធីជំនួបពិភាក្សានេះដែល គឺបានផ្ដោតសំខាន់ទៅលើផែនការអភិវឌ្ឍស្ថានីយសាកថ្ម ប្រភេទរថយន្តអគ្គិសនី និង កិច្ចសហប្រតិបត្តិការ របៀបរបបការងាររវាងក្រសួងជាមួយនឹងក្រុមហ៊ុនដៃគូសហការ ដែលទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Station)។
ម្យ៉ាងវិញទៀត ក្រសួងមានគោលដៅដើម្បីលើកម្ពស់ទៅលើការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែទូលំទូលាយនៅកម្ពុជា និងដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
គូសជំរាបផងដែរថា ទីតាំងសាកថ្មយានយន្តអគ្គិសនីរបស់ Total Energies ដែលរៀបនឹងគ្រោងដាក់ឲ្យប្រើប្រាស់ទាំង៧ កន្លែងនៅក្នុងប្រទេសកម្ពុជានោះរួមមានខេត្ត មណ្ឌលគិរី កំពង់ធំ កំពង់ស្ពឺ បាត់ដំបង សៀមរាប ព្រះសីហនុ និងចុងក្រោយគេនោះ គឺទីក្រុងភ្នំពេញ នេះបើយោងតាមរូបភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយ។