ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការផុសផុលព័ត៌មានអំពីការរៀបចំព្រឹត្តិការណ៍បន្ទាប់ពីស៊ីហ្គេមលើកទៅ៣២ ដោយក្នុងនោះ មានដំណឹងថាកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី០៥ នៅឆ្នាំ២០២៩ (The 5th Asian Youth Olympic Games 2029) ដោយមានការចូលរួមពីបណ្តាប្រទេសជុំវិញអាស៊ី ៤៥ប្រទេសផងដែរ។
ជាក់ស្ដែង ទាក់ទិននឹងព័ត៌មានខាងលើ បើយោងតាមផេករបស់សម្ដេចទៀ បាញ់ ដែលធ្លាប់បានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី០៥ បញ្ជាក់យ៉ាងច្បាស់ៗថា៖ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC សូមសម្តែងនូវសេចក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលអនុញ្ញាតជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ហើយគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ឯកឧត្តមបាននិយាយទៀតថា ៖ ខ្ញុំពិតជាមានមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍រប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលមាន ៤៥ប្រទេស ចូលរួមក្នុងឆ្នាំ២០២៩ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ ព្រឹម ភក្តី