ក្រុមវិស្វករអវកាស Keeta របស់ថៃបានស្នើអាហារដ៏ពេញនិយមនៅក្នុងប្រទេសខ្លួន គឺដង្កូវដួង ឬ Sago worm ចូលទៅក្នុងកម្មវិធីប្រកួតប្រជែងស្បៀងអាហារអវកាស រៀបចំដោយអង្គការ NASA ដើម្បីធ្វើជាម្ហូបអាហារ ចិញ្ចឹមជីវិតអវកាសយានិកក្នុងលំហ អំឡុងពេលធ្វើដំណើររុករកឬស្រាវជ្រាវ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok post។
ដង្កូវដួង ឬ Sago worm គឺជាប្រភេទដង្កូវដែលរស់នៅក្នុងដើមដូង ឬដើមត្នោត ហើយក៏ជាអាហារដ៏សំខាន់នៅភាគខាងត្បូងក្នុងប្រទេសថៃ។ ឥឡូវនេះក្រុម Keeta ជាក្រុមដំណាងឱ្យប្រទេសក្នុងតំបន់អាស៊ី ដែលកើតចេញពីការសហការគ្នារវាងសាលា Chulabhorn Royal Academy, Chulalongkorn University, Valaya Alongkorn Rajabhat University ចាប់ផ្ដើមដាក់ស្នើដង្កូវដួងនេះ ចូលក្នុងការប្រកួត Deep Space Challenge ដែលជាកម្មវិធីប្រកួតប្រជែងស្បឿងអាហារអវកាសមួយរៀបចំដោយ NASA។
មូលហេតុដែលប្រទេសថៃចង់ស្នើឱ្យនាំយកដង្កូវដួងនេះ ទុកឱ្យអវកាសយានិកបរិភោគក្នុងទីអវកាសនោះ ព្រោះដង្កូវនេះអាចបង្កើតប្រព័ន្ធផលិតកម្មអាហារ ដែលអាចទុកចិត្តបានសម្រាប់បេសកកម្មរយៈពេលវែង (៣ឆ្នាំ)។ ដង្កូវប្រភេទនេះសម្បូរទៅដោយជាតិប្រូតេអ៊ីន និងខ្លាញ់ ល្អសម្រាប់មនុស្សញ៉ាំ។ មួយវិញទៀត វាងាយចិញ្ចឹមនៅក្នុងបរិយាកាស ងាយស្រួលប្រមូលផល និងងាយថែទាំរយៈពេលយូរផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា