ក្រុមហ៊ុន China City Industrial Group Co., Ltd. (CCIG) របស់ចិន គ្រោងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុងនោះគឺគម្រោងបង្កើត “សួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ ហើយសង្វាក់នៃដំណើរការងារ គឺត្រូវការ ប្រើប្រាស់បុគ្គលិកប្រមាណពី ៥ ០០០ទៅ ១០ ០០០ នាក់ ។” នេះបើយោងតាមជំនួប សំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក លោក Li Ji Ling នាយកក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd.(CCIG) បានចូលជួបសំដែងសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានដោយពិភាក្សាលើគម្រោងផ្សេងៗ។ តាមរយៈគម្រោងវិនិយោគនេះដែរ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍក្នុងវិស័យ កសិឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យា ការដឹកជញ្ជួន អនាម័យបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ថ្នល់ បំលាស់ផ្លូវរថភ្លើង ។
គូសបញ្ជាក់ថាក្រុមហ៊ុន CCIG គ្រប់គ្រងដោយរដ្ឋនៅក្នុង ប្រទេសចិន ដែលភាគច្រើនបានចូលរួមក្នុងការផលិតរថយន្តថាមពលថ្មី ឧបករណ៍ប្រតិបត្តិការ គ្រឿងចក្រកសិកម្ម ជណ្តើរយន្ត ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ការវិនិយោគភាគហ៊ុនឧស្សាហកម្ម ៕
