ក្ដៅៗ! ក្រសួងប្រៃសណីយ៍ចេញសេចក្ដីប្រកាស លើកទឹកចិត្តដល់សិស្សទើបបញ្ចប់ថ្នាក់ទី១២ ឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល
ផែន ផាន់ណា
NOVEMBER 10 2023
នវានុវត្តន៍
328 views
2 mins read

ការប្រឡងបញ្ចប់ថ្នាក់ទី១២ ទើបតែកន្លងហូសបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ពេលនេះជាពេលដែលបងប្អូនៗ ត្រូវរង់ចាំមើលលទ្ធផល ខណ:ដែលសិស្សខ្លះ បានទាញដឹងពីលទ្ធផលដែលខ្លួនបានធ្វើរួចសម្រេចទៅហើយ។ បើទោះបីជាជាប់ឬធ្លាក់ក្ដៅ ក៏ប្អូនៗអាចចាប់យកជំនាញផ្សេងៗនៅតាមវិទ្យាស្ថាន ឬសាកលវិទ្យាល័យនានា សម្រាប់ថ្នាក់ឧត្ដមសិក្សាបានដែរ។ ជាមួយគ្នានេះ មុននេះបន្តិច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចេញសេចក្ដីប្រកាស លើកទឹកចិត្តដល់បងប្អូនៗ ដែលទើបចប់ថ្នាក់ទី១២ថ្មីៗនេះ ឱ្យពិចារណា ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ព្រោះជំនាញនេះមានតម្រូវការ ទីផ្សារការងារច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។

Image2

បើយោងតាម សេចក្តីប្រកាស ស្តីពីការលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា “តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខ្ញុំសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យ ទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រព្រឹត្ត ទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

342568575 1237984640479681 4320817128859994577 N

នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណា ចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ បន្ថែមពីលើនេះ ក្មួយៗអាចទទួល បានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល កាមរយៈ អាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។

ជាថ្មីម្ដងទៀត ខ្ញុំសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រ កម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។”

400936810 909549247457573 1358891248900966134 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia