អ៊ុនធើណេត Starlink ដែលកំពុងបម្រើសេវាកម្មអ៊ីនណេតផ្កាយរណបមួយចំហៀងពិភពលោក និងជាយីយោមួយរបស់លោក Elon Musk ជ្រកក្រោមផ្លាកក្រុមហ៊ុន SpaceX។ ថ្មីៗនេះក្រុមហ៊ុនវិភាគបច្ចេកវិទ្យា ហៅកាត់ថា CCS Insight បាននិយាយថាលោក Elon Musk អាចនឹងដក Starlink ចេញពីក្រុមហ៊ុន SpaceX នៅឆ្នាំ២០២៥ ខាងមុននេះដើម្បីពង្រីក Starlink ឱ្យធំ និងឡើងលើផ្សារមូលបត្រ ឬ iPO។
យោងតាមការចេញផ្សាយរបស់កាសែត CNBC បានឱ្យដឹងថា នៅពេលដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន Starlink មានកាន់តែច្រើន និងអាចព្យាករណ៍បាន ក្រុមហ៊ុន SpaceX នឹងងាកទៅរកទុនវិនិយោគបន្ថែម ដើម្បីពង្រីកផ្កាយរណបរបស់ខ្លួន ដូច្នេះជម្រើសតែមួយគត់គឺ Starlink ត្រូវតែដកខ្លួនចេញពី SpaceX ដើម្បីឡើងលើផ្សារហ៊ុន។
លោក Ben Wood ប្រធានផ្នែកស្រាវជ្រាវនៅ CCS Insight បានប្រាប់កាសែត CNBC ថា នេះគឺជារឿងសមហេតុសមផលដ៏ល្អមួយ ព្រោះ Starlink នឹងត្រូវការទុនវិនិយោគកាន់តែខ្លាំងនាពេលអនាគត។ លោកបន្តថា ប្រសិនបើ Starlink បាន iPO មែននោះ វានឹងធ្វើឱ្យ Starlink ក្លាយជាកន្លែងពិសេសមួយ សម្រាប់អ្នកអ៊ុនធើណេតនៅលើពិភពលោក៕
គូសបញ្ជាក់ថាបច្ចុប្បន្ននេះ Starlink កំពុងតែផ្គត់ផ្គង់ដល់ប្រទេសជាច្រើន ពិសេសគឺប្រទេសលោកខាងលិច ខណៈ Starlink ក៏មានទិសដៅដោះស្រាយបញ្ហា សេវាអ៊ីនធើណេតនៅតាមតំបន់ដាច់ស្រយាល តាមតំបន់ជាច្រើនផងដែរ។ បើតាមការបញ្ជាក់នៅក្នុងវេបសាយរបស់ Starlink ផ្ទាល់ បានឱ្យដឹងថាប្រសិនបើមិនមានការរារាំងណាមួយអំពីច្បាប់នៅកម្ពុជា នោះអ៊ីនធើណេត starlink និងចូលមកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០២៣ខាងមុន។ សម្រាប់អ្នកទាំងអស់គ្នាវិញប្រសិនបើ Starloink មកដល់ខ្មែរ តើមានចំណាប់អារម្ភចង់ដាក់ប្រើដែរទេ?
អត្ថបទដោយ៖ ផែន ផាន់ណា