ត្រឹមរយៈពេល២ខែ គិតចាប់ពីខែកក្កដា ដល់ចុងខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនផលិត និងដំឡើងបន្ទះសូឡាចំនួន៣ធំៗ ដោយសរុបជាទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនទាំង៣នោះ គឺជិត១២០លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រផលិតបន្ទះសូឡាទាំង៣នោះ ស្ថិតនៅលើទីតាំងខុសៗគ្នា ដោយក្នុងនោះមានទាំងនៅតាមបណ្ដាខេត្ត និងរាជធានី ដូចជានៅ ខេត្តក្រចេះ និងខេត្តកណ្ដាល និងក្រុងភ្នំពេញ។
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី ឱ្យក្រុមហ៊ុន L-Q New Energy CO., LTD. គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។
ដូចគ្នានេះដែរ នៅថ្ងៃទី៥ ខែសីហា ឆ្នាំដដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីឱ្យក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។
ចុងក្រោយគឺ នៅថ្ងៃទី៣១ ខែសីហាដដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីឱ្យក្រុមហ៊ុនមួយទៀតឈ្មោះថា KITATSU SOLAR (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។
សរុបជារួមមកគម្រោងធំៗទាំង៣ខាងលើនេះ បានផ្ដល់ការងារដល់ប្រជាជនក្នុងស្រុកចំនួន ២១៣៧នាក់ និងថវិកាសរុបជិត ១២០លានដុល្លារផងដែរ។ យ៉ាងណាមិញ ការចុះបញ្ជីទាំងនោះ ក៏មិនមែន មានតែក្រុមហ៊ុនផលិត និងដំឡើងបន្ទះសូឡាមួយដែរ ពោលគឺមានក្រុមហ៊ុនជាច្រើនទៀត ដែលបានបោះទុកវិនិយោគនៅកម្ពុជារបស់យើង៕
អត្ថបទដោយ៖ ផែន ផាន់ណា