ថ្មីៗនេះ បណ្ដាញសង្គមស្នេបឃ្យូ ដែលបង្កើតឡើងសម្រាប់ប្រជាជនកម្ពុជា ក្រោមស្នាដៃរបស់អ្នកអាយធីខ្មែរផ្ទាល់ ពេលនេះបានលេចវត្តមានឡើងនៅក្នុងកំពូលតារាង Top 10 លើ App Store និង Play store ជាប្រភេទ App ខ្មែរ ដែលអាចឆាតជជែកគ្នាដោយឥតគិតថ្លៃ។ បើតាមការបញ្ជាក់ប្រាប់ពីស្ថាបនិកស្នេបឃ្យូគឺលោក លី ងៀប បានឱ្យក្រុមការងារចាបខៀវដឹងថា លោកពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញបណ្ដាញសង្គម ស្នេបឃ្យូ (Snapkyu) ទទួលបានចំណាត់ថ្នាក់ល្អនៅលើ App Store និង Play Store បែបនេះ។
លោកបានបន្តថាបច្ចុប្បន្ននេះស្នេបឃ្យូមានទាញយកទៅប្រើប្រាស់ខ្ទង់ម៉ឺននាក់ហើយ ដែលភាគច្រើនសុទ្ធតែប្រជាជនកម្ពុជា។ នៅលើបណ្ដាញសង្គមនេះ គឺបានបញ្ចូលនូវមុខងារល្អៗជាច្រើន ដែលយើងអាចប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាបាន ដូចជាមុខងារ Comment ជាសំឡេង (ដំបូងគេនៅលើលោក) និងមុខងារ បំប្លែងសំឡេងទៅជាអក្សរជាដើម។ អ្វីដែលពិសេសនោះ ឆាប់ៗនេះនៅលើស្នេបឃ្យូក៏បន្ថែមមុខងារ Live Video បន្តផ្ទាល់ និងប្រភេទ TV Live ផងដែរ។
គូសបញ្ជាក់ថា នៅលើបណ្ដាញសង្គមស្នេបឃ្យូ គឺលោកអ្នកអាចបង្ហោះរូបភាព វីដេអូ អក្សរ ខមិនជាសំឡេង បំប្លែងសំឡេងទៅជាអក្សរ ឆាតជជែកគ្នាបានដូចទៅនឹងបណ្ដាញសង្គមធំៗនៅលើពិភពលោកដែរ។ សម្រាប់អ្នកដែលមិនទាន់មាន App Snapkyu អាចចូលទៅកាន់ Play Store និង App Store ដើម្បីទាញយកមកប្រើប្រាស់បានផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា