ប្រទេសថៃគ្រោងនឹងសាងសង់ទីក្រុងឆ្លាតវៃ ឬ Smart City ប្រើទុនវិនិយោគតម្លៃ ៣៧ពាន់លានដុល្លារ ស្ថិតនៅមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅជិតទីក្រុងបាងកក ដោយមានក្រុមហ៊ុនជាច្រើនចូលរួមដូចជាក្រុមហ៊ុនរថយន្ត រ៉ូបូត ផ្នែកសុខភាព និងភស្តុភារនៅទូទាំងពិភពលោក។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បានឱ្យដឹងថា ផែនការមេសាងសង់ទីក្រុងឆ្លាត ដែលស្ថិតក្នុងស្រុក Huai Yai នៃខេត្ត Chonburi នេះ មានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ភាគអាគ្នេហ៍នៃទីក្រុងបាងកក ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha។ ប្រភពដដែលបានបន្តថា ទីក្រុងឆ្លាតវៃ មិនទាន់មានឈ្មោះនេះ នឹងត្រូវលាតសន្ធឹងនៅលើផ្ទៃដី ២,៣៤០ហិកតា ដោយត្រូវចំណាយលុយអស់ ១.៣៤ពាន់ពាន់លានបាត ស្មើនឹង ៣៧ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុន។
លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា គម្រោងទីក្រុងឆ្លាតនេះ ឬ Smart City នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ សម្រាប់ជួលឱ្យក្រុមហ៊ុនធំៗ។ លោកបន្តថា ក្នុងទីក្រុងទាំងមូលក៏មានដីសម្រាប់ឱ្យក្រុមហ៊ុនធំៗបង្កើតទីស្នាក់ការកណ្ដាលរបស់ខ្លួនដែរ។ ក្នុងនោះក៏មានមជ្ឈមណ្ឌលសំខាន់ៗមួយចំនួនទៀតដូចជា មជ្ឈមណ្ឌលហិរញ្ញវត្ថុ តំបន់សម្រាប់វេជ្ជសាស្ត្រ ស្រាវជ្រាវ កន្លែងអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគត ក៏ដូចជាតំបន់ថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។
លោក Kanit ក៏បានសង្កត់ធ្ងន់ថា លំនៅឋានក្នុងទីក្រុងថ្មីនេះ នឹងត្រូវរចនាឡើងដើម្បីផ្ទុកមនុស្ស ៣៥០,០០០នាក់នៅឆ្នាំ២០២៣ និងបង្កើតការងារផ្ទាល់ចំនួន ២០០,០០០ កន្លែងផងដែរ។ លោកបានថ្លែងបន្តថា គម្រោងទីក្រុងឆ្លាតនេះ អាចរស់នៅបានសម្រាប់តែមនុស្សជំនាន់ថ្មី ក៏ដូចជាការដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះ។
មួយវិញទៀតចំពោះគោលបំណងធំ ដែលប្រទេសថៃធ្វើគម្រោងនេះឡើង គឺដើម្បីប៉ះប៉ូវថវិកា ដែលខ្លួនបានបាត់បង់អស់ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ រដ្ឋាភិបាលក៏បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយដែរថា ទីក្រុងឆ្លាតវៃថ្មីនេះ នឹងអាចរកចំណូលបន្ថែម ប្រមាណ២ពាន់ពាន់លានបាតដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសថៃ ក្នុងរយៈពេល ១០ឆ្នាំ ហើយតម្លៃនៃទ្រព្យសម្បត្តិដែលមាននៅក្នុងទីក្រុងឆ្លាតនេះ នឹងកើនតម្លៃរហូតដល់ ៥ដងឯណោះ។
លោក Prayuth Chan-Ocha បានលើកសរសើរពីគម្រោងមួយនេះ ដែលជាគម្រោងអភិវឌ្ឍមានគោលដៅរួម ដើម្បីជំរុញវិស័យនគរូបនីយកម្ម ឧស្សាហកម្ម និងការបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ជួយដល់សេដ្ឋកិច្ចប្រទេសថៃឱ្យកាន់តែមានភាពផុសផុល ខណៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដើរយឺតជាងប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ី និងវៀតណាម៕
អត្ថបទដោយ៖ ផែន ផាន់ណា