ជំនាញក្រាហ្វិចឌីហ្សាញកំពុងមានតម្រូវការខ្លាំង នៅលើទីផ្សារការងារបច្ចុប្បន្ននេះ ខណ:ដែលយុវជនយើងមួយចំនួន កំពុងផ្ដោតលើជំនាញនេះ ហើយយុវជនខ្លះទៀតពុំបានចាប់អារម្មណ៍ ព្រោះគិតថា ត្រូវចំណាយលុយរៀនអស់ច្រើន និងមានភាពស៊ាំញ៉ាំ ស្មុគស្មាញ នៅក្នុងការរៀន។ យ៉ាងណាមិញ ថ្ងៃនេះក្រុមការងារចាបខៀវក៏បានសាកសួរអ្នកជំនាញអំពីប្រធានបទមួយ ស្ដីពីការចាប់យកជំនាញក្រហ្វិចឌីហ្សាញសម្រាប់សិស្ស ដែលទើបតែបញ្ចប់ថ្នាក់បាក់ឌុប។
លោក យឿន ពិសិដ្ឋ ដែលបច្ចុប្បន្នជា C0-Founder & CEO នៅ EYSO Creative និងជាអ្នកជំនាញផ្នែកឌីហ្សាញមួយរូប បានប្រាប់ក្រុមការងារចាបខៀវថា “បើនិយាយពីការចាប់យកជំនាញក្រាហ្វិចឌីហ្សាញសម្រាប់សិស្ស ដែលទើបនឹងបញ្ចប់ថ្នាក់ទី១២ ខ្ញុំសុំលើកទឹកចិត្តថា ប្អូនៗត្រូវសួរខ្លួនឯងសិន តើវិស័យនៅក្នុងជំនាញឌីហ្សាញមួយណាដែលខ្លួនស្រឡាញ់។ ចំពោះខ្ញុំ បើចង់ចេះជំនាញក្រាហ្វិចឌីហ្សាញ គឺមិនទាមទាបទពិសោធន៍ ឬសិល្ប: ដុង នោះទេ!!! ប៉ុន្តែអ្វីដែលយើងទាមទាគឺបេះដូង និងគួរក្បាលរបស់យើង ថាតើយើងស្រឡាញខាងជំនាញហ្នឹងពិតប្រាកដឫអត់? យើងមានពុះពារជាមួយនឹងការស្រាវជ្រាវ ការបញ្ចេញមតិពីមជ្ឈដ្ឋានជុំវិញ ឬក៏ភ្ញៀវរបស់យើងផ្សេងៗ ដែរឬអត់?
លោកបន្តថា ប្រសិនបើពេលចប់ថ្នាក់បាក់ឌុបហើយ យើងពិតជាស្រឡាញ់ជំនាញនេះយើង គឺប្អូនៗអាចាប់ផ្ដើមទៅរៀនពីគ្រឹះស្ថាន ឬរៀននៅមជ្ឈមណ្ឌល ដែលគេបង្រៀនពី Tools នៅលើកមម្មវិធី Photoshop, illustrator, premiere ថ្នាក់ដំបូងៗសិន ហើយបន្ទាប់ពីរៀនបានខ្លះហើយ ប្អូនអាចទៅធ្វើការនៅក្នុងក្រុមហ៊ុនជាលក្ខណ:ក្រុមហ៊ុន Agency ព្រោះធ្វើការនៅទីនោះគឺប្អូនៗនឹងទទួលបាន Real Feedback ឬការបញ្ចេញមតិកែលម្អ ពីខាងអតិថិជនផ្ទាល់ៗតែម្ដង ដូច្នេះគឺវាផ្ដល់នូវបទពិសោធន៍ និងគំនិតច្នៃប្រឌិតបន្ថែមសម្រាប់យើង។
បន្ទាប់មកពីរៀន បន្ទាប់មកធ្វើការ ជំហានបន្ទាប់ប្អូនៗអាចផ្ដាស់ទៅធ្វើជា Freelancer បាន ព្រោះជំនាញឌីហ្សាញនេះ គឺគេត្រូវការច្រើន ហើយក៏ទទួលបានចំណូលពីការងារច្រើនគួរសមដែរ។ យ៉ាងណាមិញសម្រាប់ការធ្វើជា Freelancer នៅក្នុងបរិបថនេះ ខ្ញុំមិនសូវណែនាំប៉ុន្មានទេ ព្រោះវិស័យនេះកំពុងមានការប្រកួតប្រជែងច្រើន ប៉ុន្តែយើងអាចធ្វើបាន ប្រសិនបើយើងមានកេរ្តិ៍ឈ្មោះ ចេះទំនាក់ទំនង និងមានភ្ញៀវច្រើននៅក្នុងដៃស្រាប់។
សរុបមកស្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចាប់យកជំនាញឌីហ្សាញ គឺត្រូវតែសួរខ្លួនឯងឱ្យច្បាស់ថា ខ្លួនឯងស្រឡាញ់ឬអត់? និងហ៊ានលះបង់ពេលវេលាសម្រាប់ជំនាញនេះទេ ដើម្បីយើងចាប់ផ្ដើមស្វែងរកសាលារៀនអំពីមូលដ្ឋានគ្រឹះនៃ Tools នីមួយៗ។ ត្រង់ចំណុចខាងលើនេះដែរ ខ្ញុំចង់សង្កត់ធ្ងន់បន្តិច ព្រោះខ្ញុំបានឃើញប្អូនៗមួយចំនួន គាត់ចង់ចេះជំនាញក្រាហ្វិចឌីហ្សាញ គាត់ចាប់ផ្ដើមរត់ទៅរៀនអាយធី ដោយសង្ឃឹមថា មេរៀនអាយធីនៅក្នុងសាកលវិទ្យាល័យ មានជំនាញនេះ ប៉ុន្តែខ្ញុំសុំលើកទឹកចិត្តថា ប្អូនៗគួរតែចាប់ផ្ដើមរៀនជំនាញឌីហ្សាញ នៅតាមមជ្ឈមណ្ឌល ឬវិទ្យាស្ថានណាមួយ ដែលគេផ្ដោតសំខាន់លើជំនាញនេះ ហើយពេលរៀនរួច អាចចេញធ្វើការតែម្ដង វាចំណេញជាង។”