មនុស្សជាច្រើន បានចាប់យកការងារបែប Freelancer ដើម្បីស្វែងរកប្រាក់ចំណូល ពេលពួកគេចប់ថ្នាក់សាកលវិទ្យាល័យ ឬឈប់បម្រើការឱ្យក្រុមហ៊ុនណាមួយ ជាពិសេសគឺអ្នករៀនផ្នែកអាយធី ឌីហ្សាញ គូរប្លង់ និងជំនាញផ្សេងទៀត។ ការងារជា Freelancer គឺមិនជាប់ក្រោមក្រុមហ៊ុន ឬស្ថាប័នណាមួយឡើយ ប៉ុន្តែអ្នកជ្រើសរើសធ្វើការងារបែបឯករាជ្យនេះ ភាគច្រើនសុទ្ធតែបានស្គាល់ខ្លួនឯងច្បាស់ និងត្រូវមានជំនាញទន់ផ្សេងទៀត ដូចជាការទំនាក់ទំនងជាមួយអ្នកដទៃ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគោរពពេលវេលាជាដើម។
នៅក្នុងអត្ថបទនេះ យើងនឹងនាំមកជូននូវវេបសាយពិសេសចំនួន៣ សម្រាប់សិស្ស ឬបុគ្គលិក ដែលមានបំណងចេញមកធ្វើការងារឯករាជ្យដោយខ្លួនឯង អាចចូលទៅព្យួរព័ត៌មានផ្ទាល់ខ្លួនទុក សម្រាប់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនផ្សេងៗ ដែលកំពុងត្រូវការ freelancer ចូលទៅទាក់ទងយើងបាន។
១. Tovban : វេបសាយនេះគឺបង្កើតឡើងដោយកូនខ្មែររបស់យើង តាំងពីឆ្នាំ២០១៩ និងជាវេបសាយដំបូងគេនៅខ្មែរ ដែលប្រមូលផ្ដុំ freelancer មកសឹងពីគ្រប់ផ្នែក។ អ្វីដែលពិសេសនោះ នៅលើ Tovban ក៏អនុញ្ញាតឱ្យយើងចូលទៅបំពេញព័ត៌មានមួយចំនួន ដើម្បីក្លាយខ្លួនជា Freelancer នៅលើផ្លេតហ្វមនេះបានដែរ។ ការដែលអ្នកទាំងអស់គ្នា ព្យួរព័ត៌មាននៅលើផ្លេតហ្វមនេះ គឺដើម្បីងាយស្រួលដល់អ្នកដែលកំពុងមានតម្រូវការ អាចចូលមកឆែកមើល និងទាក់ទងមកយើងដើម្បីធ្វើគម្រោងណាមួយ។
២. Khmer Tech Market : នេះគឺជាវេបសាយថ្មី របស់មជ្ឈមណ្ឌលកម្ពុជា៤.០ ដែលទើបដាក់សម្ពោធជាផ្លូវការ កាល់ពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ នៅលើថ្នាលថ្មីនេះដែរ ក៏អនុញ្ញាតឱ្យអ្នក បំពេញនៅព័ត៌មាន ដើម្បីធ្វើជា freelancer បានផងដែរ។ អ្វីដែលសំខាន់នោះ សម្រាប់អ្នកដែលកំពុងត្រូវការ Freelancer លើជំនាញដូចជា Data Science, Big Data, Science, Architecture, Information Technology, Engineering ក៏អាចចូលទៅស្វែងរកក្នុង Khmer Tech Market បានដូចគ្នា។
៣. Workingna : វេបសាយស្វែងរកការងារដ៏ពេញនិយមនៅកម្ពុជាមួយនេះ ក៏សិស្សានុសិស្ស និងបុគ្គលិកដែលមានបំណងចង់ប្រែក្លាយខ្លួនជា Freelancer ឬអ្នកធ្វើការងារឯករាជ្យ ក៏អាចចូលបំពេញព័ត៌មានមួយចំនួន ដើម្បីបង្ហាញព័ត៌មានទាំងនោះ នៅលើវេបសាយ workingna បានផងដែរ។
អត្ថបទដោយ៖ ផែន ផាន់ណា