យីហោកាហ្វេល្បីឈ្មោះនៅខេត្តយូណាន Sinloy កាហ្វេ បានកំពុងប្រើប្រាស់របៀបនៃការលក់តាមការ Live តាមផ្លេតហ្វមដូចជា Tik Tok (Douyin ចិន) និងផ្លេតហ្វម E-Commerce ផ្សេងៗនៅប្រទេសចិន អាចលក់បានមួយថ្ងៃចន្លោះពី ១ម៉ឺនទៅ ១ម៉ឺន៥ពាន់កញ្ចប់ ឬលោតដល់ ៤ម៉ឺនកញ្ចប់នៅថ្ងៃបុណ្យជាតិ ឬ ថ្ងៃឈប់សម្រាក នេះបើតាមការឱ្យដឹងពីសំណាក់អ្នកគ្រប់គ្រងរដ្ឋបាលរបស់ក្រុមហ៊ុន Zhongka Food លោក Shi Jian Car ថ្លែងប្រាប់ក្រុមការងារចាបខៀវ។
ក្នុងដំណើរទស្សនៈកិច្ចទៅកាន់រោងចក្រសង្វាក់ផលិតកម្មផលិតនិងវេចខ្ចប់កាហ្វេរបស់ក្រុមហ៊ុនZhongka Food ម្ចាស់យីហោ Sinloy Coffee នេះ ក្រៅតែពីការប្រើប្រាស់ស្វ័យប្រវត្តិកម្មក្នុងការផលិត និងវេចខ្ចប់កាហ្វេ ក្រុមការងារចាបខៀវមើលឃើញបន្ទប់ពិសេសមួយ ដែលជាបន្ទប់របស់មេទ័ពស្រួចលើការលក់តាម Live ដោយមានពីធីការនីម្នាក់ ជាមួយនឹងភាពប៉ិនប្រសប់ក្នុងការនិយាយ លើកបង្ហាញកាហ្វេលក់ស្ដែងៗតែម្ដង។
នៅកន្លែងពិធីការនីអង្គុយ Live គេសង្កេតមានឈុតកាហ្វេជាច្រើននៅក្បែរនឹងដៃត្រៀមស្រាប់ក្នុងការលើកបង្ហាញ ហើយនៅនឹងខាងក្រោយខ្នងរបស់ពិធីការនី មានអេក្រង់ពណ៌បៃតង Greenscreen ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរ Background ទៅជាឌីជីថល ដើម្បីបង្ហាញព័ត៌មាន ឬប្រូម៉ូសិនផ្សេងៗ រីឯផ្នែកខាងមុខមានអេក្រង់ទូរទស្សន៍ធំមួយងាយស្រួលក្នុងការមើលនូវសំណួរ ឬខមិនផ្សេងៗ ដែលអតិថិជនតាមដានសួរនាំ។
បើតាមការឱ្យដឹងពីសំណាក់លោក Shi Jian Car អ្នកគ្រប់គ្រងរដ្ឋបាលរបស់ Zhongka Food បានលើកឡើងពីសារៈសំខាន់នៃការផ្សារភ្ជាប់ការលក់នៅលើឌីជីថល ដែលបានជួយក្រុមហ៊ុន និង សហគមន៍កាហ្វេខេត្តយូណាន ពង្រីកទីផ្សារថ្មីលើសពីក្នុងតំបន់ពោលពង្រីកដល់ទីផ្សារទូរទាំងប្រទេសចិនទាំងមូល ក៏ដូចជាផ្លេតហ្វម E-Commerce ទូរទាំងអាស៊ីតែម្ដង។
អ្នកគ្រប់គ្រងរូបនេះ ក៏បានលើកឡើងផងដែរថា ការណ៍នេះកើតឡើងបានក៏ដោយសារតែហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅខេត្តយូណានមានសភាពល្អ ជាពិសេសបច្ចេកវិទ្យា 5G លើសពីល្បឿនលឿនងាយស្រួលក្នុងការ Live ឬប្រតិបត្តិការអាជីវកម្មនៅលើអនឡាញ បានជួយសម្រួលដល់ការតភ្ជាប់ឱ្យមានវិសាលភាព ជាងមុន តួរយ៉ាងនៅរោងចក្ររបស់ក្រុមហ៊ុន Zhongka ផ្ទាល់ពឹងផ្អែកលើសលប់ លើបច្ចេកវិទ្យានៃការតភ្ជាប់ទៅឌីជីថល សូម្បីតែការផលិតវេចខ្ចប់ ក៏ធ្វើឡើងជាក់ស្ដែង (realtime) ទៅតាមការកុម្ម៉ង់ មិនមានការផលិតស្តុកទុកឡើយ។
សម្រាប់ខេត្តយូណានទាំងមូល ត្បិតថាសណ្ឋានដីមានលក្ខណៈសាំញាំ សម្បូរទៅដោយភ្នំក៏ពិតមែន សេវាទូរស័ព្ទ 4G/5G បានគ្របដណ្ដប់លើស ៩៨%នៃចំនួនប្រជាជនសរុប ហើយសម្រាប់ប្រព័ន្ធ 5G វិញបានគ្រប់ដណ្ដប់ ១០០% លើភូមិរដ្ឋបាលនៅខេត្តនេះ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Huawei។
នៅខេត្តយូណាន Huawei បានសហការជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទធំ ៣ ដើម្បីជម្រុញឱ្យមានការគ្របដណ្ដប់នូវប្រព័ន្ធ 5G ទៅកាន់ទីដាច់ស្រយាលជនបទ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ 5G ភ្ជាប់ជាមួយនឹងផ្លូវជាតិ (Highway) ដើម្បីភ្ជាប់ពីភូមិមួយទៅភូមិមួយ។ ក្រៅតែពីបច្ចេកវិទ្យា 5G ក្រុមហ៊ុន Huawei នៅសហការក្នុងការនាំនូវបច្ចេកវិទ្យាជាច្រើនដូចបច្ចេកវិទ្យា ថាមពល ឬបច្ចេកវិទ្យា RuralStar ក្នុងការកាត់បន្ថយថ្លៃថាមពល ជម្រុញការគ្របដណ្ដប់នៃប្រព័ន្ធឱ្យបានខ្លាំងជាងមុន និង បំពេញនូវទំនួលខុសត្រូវសម្រាប់សង្គមផងដែរ។
គូសបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុមការងារ ចាបខៀវ បានទទួលការអញ្ជើញចូលរួមទស្សនៈកិច្ចស្វែងយល់ពីបច្ចេកវិទ្យាភូមិឌីជីថល ដែលកំពុងអនុវត្តនៅខេត្តយូណានប្រទេស នៅថ្ងៃទី១នៃដំណើរទស្សនៈកិច្ចយើងបានទៅមើលផ្ទាល់នូវក្រុមហ៊ុនផលិតវេចខ្ចប់កាហ្វេ Zhongka Food ជាមួយនឹងយីហោផលិតផលកាហ្វេដ៏ល្បីល្បាញរបស់ក្រុមហ៊ុនមួយនេះនៅប្រទេសចិន និង អាស៊ី Sinloy Coffee។