នៅកម្ពុជាបច្ចុប្បន្ន បើនិយាយពីសាលាបណ្ដុះបណ្ដាលទូទៅ គឺមានច្រើន រាប់ចាប់តាំងពីបឋម ដល់សាកលវិទ្យាល័យ ប៉ុន្តែបើនិយាយពីសាលាបណ្ដុះបណ្ដាលលើជំនាញសរសេរកូដ ឬបង្រៀនអាយធីដល់កុមារ គឺនៅមានកម្រិត ពោលគឺពុំសូវសម្បូរបែបនោះទេ។ ដោយឡែកនៅប្រទេសអភិវឌ្ឍន៍មួយចំនួន អាណាព្យាបាលបានយកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលកុមារឬកូនរបស់ខ្លួន ឱ្យស្វែងយល់ពីបច្ចេកវិទ្យា និងចេះសរសេរកូដបង្កើតកម្មវីធី ឬគម្រោងផ្សេងៗ បានយ៉ាងស្ទាត់ជំនាញ តាំងពីតូចៗទៅ។
ដើម្បីចូលក្នុងការបណ្ដុះបណ្ដាលសរសេរកូដ ដែលសង្គមកំពុងមានតម្រូវការនេះ ដល់កុមារនិងអាណាព្យាបាលសិស្ស យើងសូមបង្ហាញសាលាបណ្ដុះបណ្ដាលលើផ្នែកសរសេរកូដចំនួន២ នៅកម្ពុជា ដែលជាសាលាផ្ដោតសំខាន់ទៅលើការបង្រៀនផ្នែកបច្ចេកវិទ្យា ឬអាយធី សម្រាប់កុមារនេះ។
១. សាលា Tech for Kids
នេះគឺជាសាលានៅខ្មែរ ដែលបង្រៀនលើជំនាញពាក់ព័ន្ធនឹងវិស័យព័ត៌មានវិទ្យា ឬអាយធី ដូចជាវិស្វករ និងរ៉ូបូត, វិទ្យាសាស្ត្រកុំព្យូទ័រ, កម្មវិធីកុមារ, STEM-It_Yourself, និង Kid-KATHON ដែលមុខវិទ្យាទាំងអស់នេះ សុទ្ធតែផ្ដោតលើកុមារ ជាមួយគ្រូបង្រៀនមានជំនាញ និងយល់ពីកុមារច្បាស់លាស់។ សម្រាប់ទីតាំងសាលានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រសិនបើចង់ឱ្យបុត្រធីតារបស់លោកអ្នកមានជំនាញទាំងនេះពីក្មេងៗទៅ សូមទំនាក់ទំនង 098 / 099 338 849។
២. សាលា Algorithmics Phnom Penh
សាលា Algorithmics គឺជាកន្លែងមួយ ដែលផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាល ជំនាញអាយធីដល់កុមារពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ។ នៅក្នុងសាលានេះគឺផ្ដោតលើមុខវិទ្យាចំនួន៩ធំៗ សម្រាប់បង្ហាត់បង្រៀនដល់កុមារ តួយ៉ាងដូចជាមុខវិជ្ជា The Coding Knight, Digital literacy, Visual Programming, Content Creator, Graphic Design, Game Design, Building Websites, Python Start, និង Python Pro។ ទំនាក់ទំនង ចុះឈ្មោះឱ្យកូនរៀនអាយធីតាំងពីក្មេង: ០86 718 333។
គួរបន្ថែមថា មិនមែនមានតែសាលាពីរនេះប៉ុណ្ណោះទេ ដែលមានបើកវគ្គបណ្ដុះបណ្ដាលជំនាញអាយធីដល់កុមារ ពោកគឺមានច្រើនទៀត ប៉ុន្តែយើងសូមលើកមកតែ២នេះសិន៕
អត្ថបទដោយ៖ ផែន ផាន់ណា