កាលពីចុងខែតុលាកន្លងទៅនេះ កម្ពុជាបានប្រកាសរកឃើញផូស៊ីលឆ្អឹងសត្វដាយណូស័រ នៅលើទឹកដីខេត្តកោះកុង ស្ថិតនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។ បន្ទាប់ពីមានការចុះត្រួតពិនិត្យទាំងអ្នកជំនាញជាតិ និងអន្តរជាតិរួចមក ឥឡូវគេបានកំណត់យ៉ាងជាក់លាក់ហើយថា ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ អម្បូរ Sauropod Dinosaur ដែលមានមានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។
តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។ គម្រោងនេះមានការចុះពិនិត្យដល់ទីតាំងដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន Ministry of Environment Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
សរុបមក បងប្អូនប្រហែលជាអស់ចម្ងល់ ឬមន្ទិលសង្ស័យណាមួយ អំពីផូស៊ីលនេះទៀតហើយ ពោលគឺអ្វីដែលបានរកឃើញនេះគឺជាឆ្អឹងជើងស្មងខាងឆ្វេងរបស់ដាយណូស័រពិតប្រាកដកមែន ខណៈវាក៏ជាការរកឃើញថ្មីនៅលើទឹកដីប្រទេសកម្ពុជាយើងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា