បន្ទាប់ពីបានកាន់កាប់ Twitter ទាំងស្រុកកាលពីចុងខែតុលាថ្មីៗនេះ Elon Musk ត្រូវបានគេទម្លាយថា បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បើគិតជាលុយសុទ្ធអស់ជាង៣.៩៥ លានដុល្លារ ក្រោយពីលោកបានទិញយក Twitter នេះ នៅក្នុងតម្លៃ៤៤ពាន់លានដុល្លាររួចមក។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNBC។
ប្រភពដដែលបានឱ្យដឹងថា បើតាមឯកសាររបស់គណៈកម្មាការមូលបត្រដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោក Elon Musk ទើបនឹងលក់ភាគហ៊ុន Tesla ក្ដៅៗចេញ ចំនួន១៩.៥លានហ៊ុនបន្ថែមទៀត។ ក្រោយពីបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ទាប់រួច ខណៈបច្ចុប្បន្ន Twitter គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក Elon Musk ហើយ។
គូសបញ្ជាក់ថាមិនមែនទើបតែឥឡូវនេះទេ ដែលលោក Elon Musk លក់ភាគហ៊ុនក្រុមហ៊ុន Tesla ចេញច្រើនបែបនេះ ពោលគឺកាលពីឆ្នាំ២០២១កន្លងទៅ លោកបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជិត២២ពាន់លានដុល្លារ ខណៈឆ្នាំនេះក្នុងខែមេសាលោកបានលក់ភាគហ៊ុនជាង៨ពាន់លានដុល្លារ និង៧ពាន់លានដុល្លារក្នុងខែសីហា។
អត្ថបទដោយ៖ ផែន ផាន់ណា