ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍៖ SMEs រីកចម្រើនលឿនគួរចាប់បីវិស័យនេះឱ្យជាប់
Sakada Techie
MARCH 25 2024
នវានុវត្តន៍
102 views
3 mins read

ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី២ ឆ្នាំ ២០២៤ នៃព្រះរាជាណាចក្រកម្ពុជាយើងត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រធានបទស្នូល «សហគ្រាសធុនតូច និង មធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍»។

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ច្ចេកវិទ្យា និង នវានុវត្តន៍បានមានប្រសាសន៍ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីកម្ពុជា កំពុងយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមក៏បានធ្វើការគូសបញ្ជាក់ផងដែរថា៖ “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ដែលរូមមានពិព័រណ៍វិទ្យាសាស្រ្ត និងពិព័រណ៍គ្រឿងឧបករណ៍ បានផ្តល់ជាវេទិកាមួយ សម្រាប់ការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដែលបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ យើងផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគាត់ចាប់យក បច្ចេកវិទ្យាមកបង្កើន ផលិតកម្ម គុណភាព និងផលិតភាពរបស់ខ្លួន”។

ក្នុងពិធីដ៏អធិកអធមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះជាសក្ខីកម្មបង្ហាញពីសក្ដានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និង មធ្យមតម្រង់ឆ្ពោះចាប់យក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជាសរសរស្ដម្ភ និង ជាក្បាលម៉ាស៊ីន ក្នុងការកសាង និង អភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។

សម្ដេចក៏បានធ្វើការក្រើនរំលឹកពាក់ព័ន្ធ សហគ្រាសធុនតូច និង មធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែរច្រវាក់ផ្គត់ផ្គង់ និង ខ្សែរច្រវាក់តម្លៃ ភាពធន់ ចីរភាព និង បរិយាប័ន្ន។

ជាចុងក្រោយ សម្ដេចមហាបវរធិបតី បានកោតសរសើរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានប្ររព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី ២ ព្រមជាមួយនឹងការរៀបចំព្រឹត្តិការណ៍អមសំខាន់ រួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិការពិភាក្សាស្ដីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា, កម្មវិធីប្រកាសចាប់ផ្ដើម «ពានរង្វាន់នវានុត្តន៍សម្រាប់វិស័យសាធារណៈ» ជាមួយនឹងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ដោយបានដាក់បញ្ចូលនូវបច្ចេកវិទ្យាឈានមុខទាំងឡាយក្នុងប្រព័ន្ធខ្សែរច្រវាក់ផលិតកម្ម និង សេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ជាកត្តាសត្យានុម័តមិនអាចខ្វះបាន។

មហាព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ នឹងមានការប្រមូលផ្ដុំនូវបច្ចេកវិទ្យា វាគ្មិនល្បីៗ និងអ្នកជំនាញជាច្រើន ដែលមហាជន ជាពិសេសគឺម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម គួរតែចូលរួមដើម្បីកសាងទំនាក់ទំនង និងអាចរៀនសូត្រនូវចំណេះដឹង ក៏ដូចជាព័ត៌មានជាច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងបញ្ហាជាច្រើនក្នុងស្រុកទេសយើង។
 កាលបិរច្ឆេទ៖ ២៤-២៦ ខែមីនា ឆ្នាំ២០២៤ | រយៈពេល ៣ថ្ងៃ
 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia